បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្សីបាននិយាយថា យោធាអ៊ុយក្រែនបានបើកការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកជាច្រើនដងពេញមួយយប់ ដោយផ្តោតលើស្ថានីយ៍បូមឧស្ម័នរបស់រុស្ស៊ីដែលផ្គត់ផ្គង់ប្រេងទៅកាន់អឺរ៉ុបភាគខាងត្បូងតាមរយៈបំពង់បង្ហូរប្រេង TurkStream ។
ក្រសួងការពារជាតិក៏បានចោទប្រកាន់ដែរថាទីក្រុងកៀវបានបន្តរំលោភលើបទឈប់បាញ់ថាមពលដែលបានព្រមព្រៀងដោយរុស្ស៊ី អាមេរិក និងអ៊ុយក្រែនកាលពីខែមុន។
កាលពីថ្ងៃពុធ យោធារុស្ស៊ីបានប្រកាសថា ខ្លួនបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ៨ គ្រឿង ដែលសំដៅលើរោងចក្រថាមពលនៅជិតទីក្រុង Korenovsk ក្នុងតំបន់ Krasnodar ភាគខាងត្បូង។
របាយការណ៍ដដែលបាននិយាយទៀតថា ការវាយប្រហារកាលពីយប់ថ្ងៃអង្គារ ត្រូវបានរកឃើញដោយប្រព័ន្ធការពារ ហើយមិនបណ្តាលឱ្យមានការខូចខាតនោះទេ ខណៈដែលយន្តហោះទាំងអស់ត្រូវបានស្ទាក់ចាប់ដោយជោគជ័យ។
គួរឲ្យដឹងដែរថាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាឱ្យផ្អាកជាបន្ទាន់នូវការវាយប្រហារលើទីតាំងថាមពលអ៊ុយក្រែន បន្ទាប់ពីមានការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីពាក់កណ្តាលខែមីនាហើយទីក្រុងមូស្គូអះអាងថា ខ្លួនកំពុងសង្កេតមើលបទឈប់បាញ់មួយផ្នែក បើទោះបីជាមានការបំពានរបស់អ៊ុយក្រែនក៏ដោយ ក្នុងគោលបំណងជំរុញសុច្ឆន្ទៈជាមួយទីក្រុងវ៉ាស៊ីនតោន៕
ប្រែសម្រួល៖ ស៊ុន លី
