បរទេស៖យោងតាមការចេញផ្សាយរបស់ RT គណៈប្រតិភូរុស្ស៊ី និងសហរដ្ឋអាមេរិក នៅក្នុងកិច្ចពិភាក្សាកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួគីបានផ្តោតជាសំខាន់លើការស្ដារឡើងវិញនូវប្រតិបត្តិការធម្មតានៃបេសកកម្មការទូតរៀងៗខ្លួន ហើយដែលភាគីទាំងពីរបានបង្ហើបឱ្យដឹងថាការចរចាបិទទ្វារនេះមានរយៈពេលដល់ទៅជាង៥ម៉ោង។
ក្រុមភាគីខាងប្រទេសរុស្ស៊ីដែលត្រូវបានដឹកនាំដោយឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីរបស់ទីក្រុងមូស្គូប្រចាំនៅទីក្រុងវ៉ាស៊ីនតោន លោក Aleksandr Darchiev ខណៈដែលឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអឺរ៉ុប និងអឺរ៉ាស៊ីលោក Sonata Coulter គឺជាអ្នកដឹកនាំគណៈប្រតិភូភាគីខាងអាមេរិក។
លោកDarchiev បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថា ៖ការយល់ដឹងរវាងគ្នាត្រូវបានឈានដល់ទីតាំងមួយដើម្បីអាចបន្តវិធានការបន្ថែមទៀតក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងរវាងអ្នកការទូតនៅក្នុងប្រទេសម្ចាស់ផ្ទះក៏ដូចជានីតិវិធីទិដ្ឋាការដែលពាក់ព័ន្ធ។
ដោយឡែកចំពោះបញ្ហាទ្រព្យសម្បត្តិការទូតរបស់រុស្ស៊ី ដែលធ្លាប់បានរឹបអូសដោយសហរដ្ឋអាមេរិក ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន បានព្រមព្រៀងគ្នាក្នុងការបង្កើតផែនទីបង្ហាញផ្លូវមួយដើម្បីដោះស្រាយបញ្ហានេះផងដែរ។
លោក Darchiev បានអំពាវនាវដល់សហសេវិកអាមេរិករបស់គាត់ឱ្យមានការត្រៀមខ្លួនទុកជាមុនឡើងវិញនៅពេលនិយាយអំពីការស្តារទំនាក់ទំនងទ្វេភាគី រួមទាំងការបន្តការហោះហើរត្រង់រវាងប្រទេសទាំងពីរឡើងវិញផងដែរ។
យោងតាមសេចក្តីថ្លែងការណ៍ ទីក្រុងមូស្គូ និងវ៉ាស៊ីនតោនបានយល់ព្រមលើសំណើដែលបានដាក់ចេញនៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីអោយដំណោះស្រាយដែលអាចទទួលយកបានទៅវិញទៅមកអាចត្រូវបានរកឃើញដោយកិច្ចប្រជុំបន្ទាប់។
ក្រសួងការបរទេសនៅទីក្រុងមូស្គូ ក្រោយមកបន្តិចក៏បានប្រកាសថា អ្នកការទូតរុស្ស៊ី និងសហរដ្ឋអាមេរិកក៏បានផ្លាស់ប្តូរកំណត់ចំណាំដែលពង្រឹងការប្តេជ្ញាចិត្តទ្វេភាគីរបស់ពួកគេក្នុងការ សម្រួលដល់សេវាធនាគារ និងហិរញ្ញវត្ថុដែលគ្មានការរំខានសម្រាប់បេសកកម្មការទូតរុស្ស៊ី និងអាមេរិកផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
