ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានជួបជាមួយលោក Steve Witkoff បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅទីក្រុង St. Petersburg ដើម្បីពិភាក្សាអំពីជម្លោះអ៊ុយក្រែន។
វិមានក្រឹមឡាំងបានឲ្យដឹងថា កិច្ចប្រជុំផ្តោតលើ “ទិដ្ឋភាពផ្សេងៗនៃការតាំងទីលំនៅរបស់អ៊ុយក្រែន” ដោយមិនបានបញ្ជាក់លម្អិតនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងនៅមុននេះបន្តិចថា កិច្ចចរចាត្រូវបានធ្វើឡើងដោយបិទទ្វារ។ លោកបានឲ្យដឹងថា ភាគីទាំងពីរនឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាអ៊ុយក្រែន ប៉ុន្តែគ្មានការទម្លាយអ្វីត្រូវបានគេរំពឹងទុកក្នុងកិច្ចពិភាក្សានោះទេ។
មុនពេលជួបជាមួយលោកពូទីន លោក Witkoff បានពិភាក្សាជាមួយលោក Kirill Dmitriev ប្រធានមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី និងបេសកជនពិសេសប្រធានាធិបតីរុស្ស៊ី សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយបរទេស។ លោក Dmitriev ក្រោយមកបានឲ្យដឹងថាការពិភាក្សាជាមួយលោក Witkoff គឺ “មានផលិតភាព” ។
យោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS លោក Witkoff បានទៅដល់ប្រទេសរុស្ស៊ីក្នុងដំណើរទស្សនកិច្ចអាជីវកម្មនៅព្រឹកថ្ងៃសុក្រ ហើយបានចាកចេញពីទីក្រុង St. Petersburg នៅពេលល្ងាច៕
ប្រែសម្រួល ឈូក បូរ៉ា
