ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានព្រមានសមាជិកសហភាពអឺរ៉ុប ថា ការផ្អាករយៈពេល ៩០ថ្ងៃរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើអ្វីដែលគេហៅថា “ពន្ធគយទៅវិញទៅមក របស់លោក នៅតែស្ថិតក្នុងភាពផុយស្រួយ។
នៅលើគណនី X ផ្លូវការរបស់លោក លោក ម៉ាក្រុង បានឲ្យដឹងថា ការផ្អាកពន្ធគយរបស់លោក ត្រាំ គឺជា “សញ្ញា” ហើយបើកទ្វារឱ្យមានការចរចា ប៉ុន្តែវានៅតែមានភាពផុយស្រួយ ខណៈដែលពន្ធ ២៥ភាគរយលើដែកថែប អាលុយមីញ៉ូម និងរថយន្តរបស់អឺរ៉ុប និងពន្ធ ១០ភាគរយលើផលិតផលផ្សេងទៀតទាំងអស់នៅតែមាន។
យោងតាមលោក ម៉ាក្រុង គោលដៅរបស់គណៈកម្មការអឺរ៉ុប គឺការចរចាដើម្បីដកចេញពន្ធគយ និងទទួលបានកិច្ចព្រមព្រៀង ដែលមានតុល្យភាពជាមួយសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រមុខរដ្ឋបារាំងរូបនេះ បានអំពាវនាវឲ្យសមាជិកសហភាពអឺរ៉ុបរក្សាភាពច្បាស់លាស់ និងរួបរួម។ លោកបានបន្ថែមថា “អឺរ៉ុបត្រូវតែបន្តធ្វើការលើគ្រប់វិធានការណ៍តបតដែលចាំបាច់ និងប្រមូលឥទ្ធិពលដែលមានទាំងអស់ដើម្បីការពារខ្លួន” ។
ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានឲ្យដឹងថា អឺរ៉ុបនឹងផ្អាកវិធានការណ៍ប្រឆាំងនឹងសហរដ្ឋអាមេរិករយៈពេល ៩០ថ្ងៃបន្ទាប់ពីការប្រកាសរបស់លោក ត្រាំ កាលពីថ្ងៃពុធដើម្បីព្យួរពន្ធ “ទៅវិញទៅមក” របស់លោក សម្រាប់រយៈពេល ៩០ថ្ងៃសម្រាប់ដៃគូពាណិជ្ជកម្មមួយចំនួន៕
ប្រែសម្រួល ឈូក បូរ៉ា
