ចាប់ពីថ្ងៃទី១២ ខែមេសាតទៅ ភាគីចិននឹងដំឡើងពន្ធគយ១២៥ភាគរយចំពោះទំនិញទាំងអស់ដែលនាំចូលពីសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបនឹងវិធានការដែលហៅថា “ពន្ធគយស្មើគ្នា” ដែលភាគីអាមេរិកបានចាត់ចំពោះទំនិញរបស់ចិន ។ ព្រមពេលជាមួយគ្នានេះ ក្នុងសន្និសីទប្រចាំឆ្នាំលើកដំបូងនៃក្រុមប្រឹក្សាពាណិជ្ជកម្មទំនិញនៃអង្គការពាណិជ្ជកម្មពិភពលោក ភាគីចិនបានលើកឡើងយ៉ាងច្បាស់លាស់ថា “ភាពស្មើគ្នា” ដែលសមស្របនឹងក្បួនច្បាប់អង្គការពាណិជ្ជកម្មពិភពលោកគឺមានន័យថា ភាគីធ្វើពាណិជ្ជកម្មផ្តល់ការអនុគ្រោះនិងភាពងាយស្រួលដល់គ្នាទៅវិញទៅមក ហើយទីបំផុតសម្រេចបាននូវតុល្យភាពទូទៅនៃសិទ្ធិនិងកាតព្វកិច្ច ។ រីឯអ្វីដែលហៅថា “ស្មើគ្នា”របស់ភាគីអាមេរិកតាមការពិតគឺតូចចង្អៀតឯកតោភាគីនិងផ្តល់ផលប្រយោជន៍ដល់ខ្លួនឯង គឺជាទង្វើគំរាមកំហែងខាងសេដ្ឋកិច្ចសុទ្ធសាធ ។ សុន្ទរកថានេះបានលាតត្រដាងឱ្យដឹងថា អ្វីដែលហៅថា “ពន្ធគយស្មើគ្នា”របស់ភាគីអាមេរិកគឺជាឡូហ្ស៊ីកបែបចោរប្លន់ដែលអាក្រក់និងឆ្កួតលីលា ។

ក្នុងភាសាអង់គ្លេស ពាក្យថា “ស្មើគ្នា”ក៏អាចបកប្រែជា “ផ្តល់ការអនុគ្រោះដល់គ្នាទៅវិញទៅមក”ដែរ ។ អង្គការពាណិជ្ជកម្មពិភពលោកបានកំណត់យ៉ាងច្បាស់លាស់ថា ប្រទេសអភិវឌ្ឍន៍មិនត្រូវរំពឹងថា នឹងទទួលបានការអនុគ្រោះទៅវិញទៅមកពីពាក្យសន្យាស្តីពីការកាត់បន្ថយពន្ធគយចំពោះប្រទេសកំពុងអភិវឌ្ឍន៍នោះទេ ហើយក៏មិនត្រូវទាមទារឱ្យប្រទេសកំពុងអភិវឌ្ឍន៍បន្ធូរបន្ថយគោលជំហរ ដែលមិនសមស្របនឹងតម្រូវការខាងការអភិវឌ្ឍហិរញ្ញវត្ថុនិងពាណិជ្ជកម្មរបស់ខ្លួនដែរ ។ ពោលគឺ រវាងប្រទេសអភិវឌ្ឍន៍និងប្រទេសកំពុងអភិវឌ្ឍន៍ “មិនមែនផ្តល់ការអនុគ្រោះដល់គ្នាទៅវិញទៅមកទាំងស្រុង” ដែលជាគោលការណ៍ដ៏សំខាន់នៃការចរចាក្រោមប្រព័ន្ធច្បាប់ពាណិជ្ជកម្មពហុភាគី ។តាមការពិត គោលការណ៍ស្តីពី“ការមិនមែនផ្តល់ការអនុគ្រោះដល់គ្នាទៅវិញទៅមកទាំងស្រុង”របស់អង្គការពាណិជ្ជកម្មពិភពលោកគឺជាភាពស្មើគ្នាជាទូទៅ ពោលគឺនៅលើមូលដ្ឋានដែលគិតពិចារណាដល់លក្ខណៈពិសេសដូចជាភាពខុសគ្នានៃកម្រិតអភិវឌ្ឍសេដ្ឋកិច្ចនៃរដ្ឋសមាជិកនានា សម្រេចបាននូវតុល្យភាពជាទូទៅនៃសិទ្ធិនិងកាតព្វកិច្ច ។ ភាគីអាមេរិកបានលួចប្តូរនិយមន័យដែលកែក្រឡាស់ការផ្តល់ភាពអនុគ្រោះរវាងរដ្ឋសមាជិកទៅជា “តួលេខស្មើគ្នា” បង្ខំឱ្យយក “ពន្ធគយបដិការ” គឺបង្ហាញពីភាពមិនស្មើគ្នាមិនសមហេតុផល តាមការពិតគឺដកហូតសិទ្ធិអភិវឌ្ឍន៍របស់ប្រទេសកំពុងអភិវឌ្ឍន៍ ។
រីឯភាគីអាមេរិកបានអះអាងថា “ភាពមិនស្មើគ្នា”ខាងពន្ធគយនាំឱ្យខ្លួនឯង “រងការខាតបង់”ក្នុងការធ្វើពាណិជ្ជកម្ម រឹតតែជាពាក្យសម្តីខុសទំនង ។ ឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកគឺសម្រេចដោយឧត្តមភាពប្រៀបធៀបនិងនិម្មាបនកម្មពាណិជ្ជកម្មរបស់ខ្លួន ។ ឧទាហរណ៍ដូចជា ដុល្លារអាមេរិកជារូបិយវត្ថុពិភពលោក សហរដ្ឋអាមេរិកអាចប្រមូលទ្រព្យសម្បត្តិទូទាំងពិភពលោកតាមរយៈការប្រើប្រាស់ដុល្លារអាមេរិក ។
ពិភពលោកបានមើលឃើញយ៉ាងច្បាស់លាស់ថា ភាគីអាមេរិកយកអ្វីដែលហៅថា “ស្មើគ្នា”ធ្វើជាលេស ដើម្បីធ្វើការប្រកួតប្រជែងបែបផលបូកសូន្យ (zero-sum game) តាមការពិតគឺស្វែងរក“ការតម្កល់សហរដ្ឋអាមេរិកជាចម្បង” និង“សហរដ្ឋអាមេរិកជាពិសេស” ។ អ្វីដែលហៅថា “ពន្ធគយស្មើគ្នា”មិនអាចដោះស្រាយបញ្ហាឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកបានឡើយ ផ្ទុយទៅវិញនឹងដំឡើងថ្លៃទំនិញដែលនាំចូលទៅសហរដ្ឋអាមេរិក បង្កើនកម្លាំងសម្ពាធខាងអតិផរណារបស់អាមេរិកនិងបង្កើនថ្លៃដើមនៃជីវភាពរស់នៅរបស់ជនជាតិអាមេរិក ទីបំផុតនឹងធ្វើផ្ទុយពីគោលដៅស្តីពី “នាំឱ្យសហរដ្ឋអាមេរិកអស្ចារ្យម្តងទៀត” ៕
