ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ប្រទេសចិនឆ្លើយតបនឹងបញ្ហាប្រឈម និងគាំពារសច្ចយុត្តិធម៌តាមរយៈ ”ភាពនឹងនរ” របស់ខ្លួន

ចាប់ពីវេលាម៉ោង១២ និង១នាទី ថ្ងៃទី១០ ខែមេសា តាមម៉ោងក្រុងប៉េកាំង ប្រទេសចិនបានយកពន្ធបន្ថែមចំនួន៨៤%ចំពោះផលិតផលនាំចូលទាំងអស់ដែលមានប្រភពដើមនៅសហរដ្ឋអាមេរិក ដើម្បីតបតវិញចំពោះអនុត្តរភាពផ្នែកពន្ធគយរបស់អាមេរិកដែលបានដំឡើងជាបន្តបន្ទាប់ ។ ក្រៅពីនេះ ប្រទេសចិនបានចេញផ្សាយសៀវភៅសដែលមានតួអក្សរជិត៣ម៉ឺនតួក្រោមចំណងជើងថា«គោលជំហររបស់ភាគីចិនស្តីពីបញ្ហាមួយចំនួនក្នុងទំនាក់ទំនងខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក» ដោយអធិប្បាយជាប្រព័ន្ធនូវគោលការណ៍ គោលនយោបាយនិងគោលជំហររបស់ខ្លួន។ ប្រព័ន្ធសារព័ត៌មានអន្តរជាតិបានសម្គាល់ឃើញថា “ប្រទេសចិនមានហេតុផលនិងមានភស្តុតាងផ្លូវច្បាប់ក្នុងការតបតវិញចំពោះអនុត្តរភាពខាងពន្ធគយរបស់អាមេរិក”។

ប្រឈមមុខនឹងវិធានការតបតវិញយ៉ាងខ្លាំងក្លារបស់ភាគីចិន ភាគីអាមេរិកបានប្រកាសថា នឹងដំឡើងពន្ធគយទៅលើផលិតផលចិនដល់១២៥%។នៅថ្ងៃទី១០ខែមេសា តាមម៉ោងតំបន់ភាគខាងកើតនៃសហរដ្ឋអាមេរិក សន្ទទស្សន៍ធំទាំង៣នៃទីផ្សារភាគហ៊ុនអាមេរិកបានធ្លាក់ចុះជាទូទៅ តម្លៃភាគហ៊ុនផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចំនួន៧ធំៗ ក្នុងនោះក៏បូករួមទាំងAppleនិងMicrosoftជាដើមសុទ្ធតែធ្លាក់ចុះយ៉ាងខ្លាំង។”ទង្វើបែបនេះចំជាឆ្កួតមែន” “តើនេះជាល្បែងអំពីតួលេខមួយលើកមែនទេ””គឺជាទង្វើបែបពួកម៉ាហ្វៀសុទ្ធសាធ” ។ល។ អ្នកប្រើបណ្តាញអ៊ីនធើណេតទាំងជាតិនិងអន្តរជាតិបាននាំគ្នារិះគន់ដូចពោលខាងលើ។

បើប្រៀបធៀបនឹងទង្វើខ្វះវិចារណញ្ញាណរបស់ភាគីអាមេរិក ភាគីចិនកំពុងបំពេញបន្ថែមភាពប្រាកដប្រជាដល់ពិភពលោកទាំងមូលតាមរយៈភាពនឹងនររបស់ខ្លួន។

ជាបឋម គោលជំហរជាមូលដ្ឋានរបស់ចិនគឺជាប់លាប់និងជាក់លាក់ ក៏ដូចដែលសៀវភៅសរបស់ប្រទេសចិនបានលើកឡើងនោះដែរ ធាតុពិតនៃទំនាក់ទំនងខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកគឺផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ ភាគីទាំងពីរអាចដោះស្រាយការខ្វែងគំនិតខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មតាមរយៈកិច្ចសន្ទនាដោយសមភាពនិងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ។ប្រឈមនឹងសង្រ្គាមពន្ធគយដែលបំផុសដោយអាមេរិក ភាគីចិនបានរំលឹកឡើងវិញម្តងហើយម្តងទៀតថា បើចរចា ចិននឹងបើកទ្វារជានិច្ច បើប្រយុទ្ធ ចិននឹងកំដរដល់ទីបញ្ចប់។

ទន្ទឹមនឹងនេះ “ភាពនឹងនរ”របស់ចិនក៏បានមកពីជំនឿចិត្តដែលប្រមូលផ្តុំកម្លាំងកាយចិត្ត ដើម្បីធ្វើកិច្ចការរបស់ខ្លួនឱ្យបានល្អ។ នៅត្រីមាសទី១ឆ្នាំនេះ សេដ្ឋកិច្ចចិនបន្តមានភាពល្អប្រសើរឡើងវិញ។សន្ទទស្សន៍ថ្លៃអ្នកប្រើប្រាស់(CPI)នៅខែមីនាដែលទើបបានចេញផ្សាយបានបង្ហាញថា CPIជាស្នូលបានកើនឡើងយ៉ាងច្បាស់លាស់។ទន្ទឹមនឹងពេលដែលសក្តានុពលទីផ្សារដ៏ធំធេងត្រូវបានបញ្ចេញជាបន្តបន្ទាប់ គោលនយោបាយលំនឹងសេដ្ឋកិច្ចនិងលំនឹងពាណិជ្ជកម្មបរទេសបានដើរតួនាទីជាបន្តបន្ទាប់ ប្រទេសចិនមានសមត្ថភាពទាំងស្រុងក្នុងការឆ្លើយតបនឹងផលប៉ះពាល់អវិជ្ជមានមកពីខាងក្រៅ ហើយរក្សាសេដ្ឋកិច្ចឱ្យទទួលការអភិវឌ្ឍប្រកបដោយភាពរឹងមាំ។

អ្នកវិភាគអន្តរជាតិបានយល់ឃើញថា បើប្រៀបធៀបនឹងអាមេរិកដែលគោលនយោបាយចេះតែប្រែប្រួល ប្រទេសចិនទើបជាប្រភពកំណើនសេដ្ឋកិច្ចដែលកាន់តែជឿទុកចិត្តបាន។

វប្បធម៌ចិនបានគោរព”សន្តិភាព” ហើយក៏មានប្រណៃប្រឆាំងនឹងអនុត្តរភាពដែរ។ខណៈពេលអាមេរិកដាក់សម្ពាធទៅលើប្រទេសដទៃតាមរយៈវិធានការពន្ធគយ ប្រទេសចិនកំពុងទប់ទល់នឹងខ្យល់និងភ្លៀង គាំពារក្បួនច្បាប់ និងគាំពារយុត្តិធម៌តាមរយៈភាពនឹងនររបស់ខ្លួន ដើម្បីជំរុញនាវាយក្សនៃការធ្វើសកលភាវូបនីយកម្មឆ្លងកាត់ចរន្តបញ្រ្ចាស់និងឧបសគ្គ ហើយបរឆ្ពោះទៅរកផ្លូវត្រឹមត្រូវនៃការបើកទូលាយនិងកិច្ចសហប្រតិបត្តិការ៕

To Top