ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ

នៅថ្ងៃទី១១ ខែមេសា លោកXi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សាការងារជាមួយលោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ នៅទីក្រុងប៉េកាំង។

ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ឆ្នាំនេះ គឺជាខួបទី ២០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិន និងអេស្ប៉ាញ។

ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសអេស្ប៉ាញដើម្បីកសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលកាន់តែមានភាពមោះមុតខាងយុទ្ធសាស្រ្ត និងកម្លាំងរស់រវើកខាងអភិវឌ្ឍកាន់តែខ្លាំង ក្នុងន័យផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ បំពេញបន្ថែមកម្លាំងចលករទៅក្នុងទំនាក់ទំនងចិន-អឺរ៉ុប និងរួមចំណែកកាន់តែច្រើនក្នុងការជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ពិភពលោក។

ប្រទេសចិន និងអឺរ៉ុបគួរតែបំពេញកាតព្វកិច្ចអន្តរជាតិ រួមគ្នាគាំពារនិន្នាការនៃសកលភាវូបនីយកម្មសេដ្ឋកិច្ច និងបរិយាកាសពាណិជ្ជកម្មអន្តរជាតិ ហើយរួមគ្នាធ្វើពហិការអនុត្តរភាពឯកតោភាគី ដែលប្រការនេះវាមិនត្រឹមតែគាំពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំពារសច្ចយុត្តិធម៌អន្តរជាតិ ព្រមទាំងបទប្បញ្ញត្តិនិងសណ្តាប់ធ្នាប់អន្តរជាតិផងដែរ។

ជាការឆ្លើយតប លោក Sanchez បានថ្លែងថា ចាប់តាំងពីប្រទេសអេស្ប៉ាញ និងចិនបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពី២០ឆ្នាំមុនមក ប្រទេសទាំងពីរតែងតែគោរពគ្នាទៅវិញទៅមក និងធ្វើកិច្ចសហប្រតិបត្តិការដោយមេត្រីភាព ដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរវិវឌ្ឍរីកចម្រើនកាន់តែស៊ីជម្រៅ។

ប្រទេសចិនគឺជាដៃគូសហប្រតិបត្តិការដ៏សំខាន់របស់អឺរ៉ុប ហើយប្រទេសអេស្ប៉ាញតែងតែគាំទ្រដល់ការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃទំនាក់ទំនងអឺរ៉ុប-ចិន។ ភាគីអឺរ៉ុបប្រកាន់ខ្ជាប់នូវពាណិជ្ជកម្មប្រកបដោយភាពបើកចំហ និងសេរីភាព ព្រមនិងខិតខំប្រឹងប្រែងដើម្បីគាំពារពហុភាគីនិយម និងប្រឆាំងនឹងការដំឡើងពន្ធគយដោយឯកតោភាគី៕

To Top