គៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានឲ្យដឹងថា ប្រទេសរបស់លោកស្វែងរកសន្តិភាព និងចង់បញ្ចប់ជម្លោះជាមួយរុស្ស៊ីនៅឆ្នាំនេះ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិនស៊ិនហួ ។
លោកបានឲ្យដឹងនៅឯវេទិកាការទូត Antalya នៅទីក្រុងនៃប្រទេសតួកគីថា “យើងចង់បញ្ចប់សង្រ្គាមនៅឆ្នាំនេះ ប៉ុន្តែវាមានសារៈសំខាន់ណាស់ដែលត្រូវរៀបចំ” ។
លោកបានសង្កត់ធ្ងន់ថា ការសម្រេចបាននូវសន្តិភាពយូរអង្វែង គឺជារឿងសំខាន់ ព្រោះថាលទ្ធផលនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន នឹងបង្កើតស្ថាបត្យកម្មសន្តិសុខនាពេលអនាគតរបស់អឺរ៉ុប។
លោកក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សាសមាជិកភាពដ៏មានសក្តានុពលរបស់អ៊ុយក្រែននៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងក្នុងរបៀបវារៈអន្តរជាតិ ដោយកត់សម្គាល់ថាអ៊ុយក្រែនដែលមានកងពលតូចត្រៀមប្រយុទ្ធចំនួន ១១០ អាចរួមចំណែកដល់សន្តិសុខឆ្លងអាត្លង់ទិក៕
ប្រែសម្រួល ឈូក បូរ៉ា
