ព័ត៌មានអន្តរជាតិ

នៅវៀតណាម, ប្រធានាធិបតីចិន លើកឡើងអំពីការធ្វើពាណិជ្ជកម្មសេរី និងបង្ហាញប្រទេសចិន ថាជាប្រភពនៃស្ថិរភាព និងភាពប្រាកដប្រជា

AFP

បរទេស៖ មេដឹកនាំចិនលោក ស៊ី ជីនពីង បានលើកឡើងអំពីការធ្វើពាណិជ្ជកម្មសេរី នៅពេលលោកធ្វើទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍ក្នុងសប្តាហ៍នេះ ដោយបង្ហាញប្រទេសចិនថាជាប្រភពនៃ “ស្ថិរភាព និងភាពប្រាកដប្រជា”។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅថ្ងៃច័ន្ទ លោកត្រូវបានទទួលស្វាគមន៍មកកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម យ៉ាងអធិកអធម ដោយប្រធានរដ្ឋវៀតណាម លោក Luong Cuong។

លោក ស៊ី ជិនពីង បានមកដល់ទីក្រុងគូឡាឡាំពួ រដ្ឋធានីនៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអង្គារ  ដើម្បីបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃ ហើយនឹងបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកជាមួយនៅប្រទេសកម្ពុជា។

នៅទីក្រុងហាណូយ លោក ស៊ី បានជួបជាមួយអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម To Lam ជាកន្លែងដែលលោកបាននិយាយថា ប្រទេសទាំងពីរ “បាននាំមកនូវស្ថិរភាព និងភាពប្រាកដប្រជាដ៏មានតម្លៃសម្រាប់ពិភពលោក” នៅក្នុង “ពិភពដ៏ចលាចល”។ លោក​ក៏​បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក ហូ ជីមិញ ដែល​ជា​ស្ថាបនិក​បក្ស​កុម្មុយនិស្ត​វៀតណាម។

លោកបានបន្ថែមថា “ក្នុងនាមជាអ្នកទទួលផលពីសកលភាវូបនីយកម្មសេដ្ឋកិច្ច ទាំងចិន និងវៀតណាម គួរតែពង្រឹងការដោះស្រាយជាយុទ្ធសាស្ត្រ រួមគ្នាប្រឆាំងការគំរាមកំហែងជាឯកតោភាគី លើកស្ទួយប្រព័ន្ធពាណិជ្ជកម្មសេរីសកល និងរក្សាឧស្សាហកម្ម និងសង្វាក់ផ្គត់ផ្គង់ពិភពលោកឱ្យមានស្ថេរភាព” នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។

ប្រទេសចិន និងវៀតណាមបានចុះហត្ថលេខាលើអនុស្សរណៈជាបន្តបន្ទាប់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងគម្រោងផ្លូវដែករួមគ្នា ហើយលោក ស៊ី ក៏បានសន្យាផងដែរនូវលទ្ធភាពកាន់តែច្រើនសម្រាប់ការនាំចេញកសិផលរបស់វៀតណាមទៅកាន់ប្រទេសចិន ទោះបីជាព័ត៌មានលម្អិតមួយចំនួនត្រូវបានផ្សព្វផ្សាយជាសាធារណៈអំពីកិច្ចព្រមព្រៀងក៏ដោយ៕

ប្រែប្រួលៈ ណៃ តុលា

To Top