បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកការទូតបារាំងជាច្រើននាក់ ត្រូវបានគេរាយការណ៍ថាបានជួយលោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែន ក្នុងការសរសេរសំបុត្រផ្សះផ្សា និងសុំទោសទៅកាន់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងគោលបំណងជួយមេដឹកនាំទាំងពីរ កែលំអទំនាក់ទំនងកាលពីលើកមុន។
ទំនាក់ទំនងរវាងលោក Trump និងលោក Zelensky កាន់តែជូរចត់បន្ទាប់ពីដំណើរទស្សនកិច្ច របស់មេដឹកនាំអ៊ុយក្រែនទៅកាន់ ទីក្រុងវ៉ាស៊ីនតោនកាលពីចុងខែកុម្ភៈកន្លងមក។
ក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅសេតវិមាន ដែលរួមមានអនុប្រធានាធិបតីអាមេរិក J.D. Vanceផង លោក Zelensky បានរុញច្រានប្រឆាំងនឹងការប៉ុនប៉ងរបស់លោក Trump ក្នុងការធ្វើឱ្យរុស្ស៊ី និងអ៊ុយក្រែនទៅកាន់តុចរចា។
ជាការឆ្លើយតប លោក Trump និងលោក Vance បានចោទប្រកាន់លោក Zelensky ពីការមិនដឹងគុណចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិក និង លេងល្បែងជាមួយសង្រ្គាមលោកលើកទី៣ ដោយបដិសេធមិនចូលរួម ក្នុងកិច្ចចរចាសន្តិភាពជាមួយទីក្រុងមូស្គូ។
ការប្រជុំកាលពីគ្រានោះត្រូវបានកាត់បន្ថយកម្មវិធី ហើយលោក Zelensky ត្រូវបានគេប្រាប់ឱ្យចាកចេញ ហើយត្រលប់មកវិញតែនៅពេលដែល គាត់ត្រៀមខ្លួនសម្រាប់សន្តិភាព។ លោក Trump ក៏បានផ្អាកជាបណ្តោះអាសន្ន នូវជំនួយយោធារបស់សហរដ្ឋអាមេរិកទាំងអស់ដល់អ៊ុយក្រែន បន្ទាប់ពីជម្លោះដោយពាក្យសំដីដ៏ក្តៅគគុក ប៉ុន្តែក្រោយមកបានបន្តការគាំទ្រឡើងវិញ បន្ទាប់ពីទីក្រុងគៀវបានយល់ព្រមលើ សំណើបទឈប់បាញ់រយៈពេល៣០ថ្ងៃ៕
ប្រែសម្រួល៖ ស៊ុន លី
