ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី​ជប៉ុន មាន​បំណង​ជួប​លោក ត្រាំ នៅ​អាមេរិក ជុំវិញ​ការ​ដំឡើង​ពន្ធ​គយ

kyodo


តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានឲ្យដឹងថា ការចរចាពន្ធទ្វេភាគីជាមួយទីក្រុងវ៉ាស៊ីនតោន នឹងមិនងាយស្រួលនោះទេ ប៉ុន្តែលោកមានបំណងទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក សម្រាប់កិច្ចពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ “នៅពេលសមស្របបំផុតណាមួយ” ។

លោក Ishiba បានធ្វើការកត់សម្គាល់នេះបន្ទាប់ពីជំនួយការរបស់លោក គឺលោក Ryosei Akazawa ដែលជារដ្ឋមន្ត្រីស្តារសេដ្ឋកិច្ចបានជួប លោក ត្រាំ និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលរបស់លោក ដើម្បីពិភាក្សាអំពីបញ្ហាពន្ធនៅវ៉ាស៊ីនតោន។

លោកនាយករដ្ឋមន្ត្រីបានបង្ហាញពីបំណងរបស់លោកទៅកាន់លោក ត្រាំ តាមរយៈប្រធានអ្នកចរចាជប៉ុន ដើម្បីឈានដល់ “កិច្ចព្រមព្រៀងទូលំទូលាយ” ដែលនឹងពង្រឹងសេដ្ឋកិច្ចរបស់ជប៉ុន និងសហរដ្ឋអាមេរិក “នៅកាលបរិច្ឆេទដែលអាចធ្វើទៅបាន”។

លោក Ishiba បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីគាត់ត្រូវបានសង្ខេបអំពីលទ្ធផលថា “ខណៈពេលដែលការចរចាចាប់ពីពេលនេះនឹងមិនងាយស្រួលនោះទេ លោកប្រធានាធិបតី ត្រាំ បានឲ្យដឹងថាលោលផ្តល់អាទិភាពដល់ការចរចាជាមួយប្រទេសជប៉ុន។

ប្រធានអ្នកចរចារបស់ជប៉ុនបានឲ្យដឹងថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នា ដើម្បីដំណើរការកិច្ចពិភាក្សាជុំវិញពន្ធគយរបស់សហរដ្ឋអាមេរិកក្នុងអំឡុងពេលកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីនៅទីក្រុងវ៉ាស៊ីនតោន និងដើម្បីបើកកិច្ចចរចាមួយផ្សេងទៀតនៅពេលក្រោយក្នុងខែមេសា ដើម្បីនាំមកនូវដំណោះស្រាយយ៉ាងឆាប់រហ័សនៃបញ្ហានេះ។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានចូលរួមជាមួយក្រុមអ្នកចរចានៅក្នុងសម័យប្រជុំនៅសេតវិមានបានពណ៌នាកិច្ចប្រជុំថាជា “វឌ្ឍនភាពដ៏ធំ” ខណៈពេលដែលរដ្ឋមន្ត្រីស្តារសេដ្ឋកិច្ចជប៉ុនលោក Ryosei Akazawa បានប្រាប់អ្នកយកព័ត៌មានថា ប្រធានាធិបតីបានបង្ហាញថាការពិភាក្សាជាមួយប្រទេសជប៉ុនលើការយកពន្ធគួរតែជាអាទិភាពកំពូល។

កិច្ចពិភាក្សាបានទាក់ទាញការចាប់អារម្មណ៍ពីដៃគូពាណិជ្ជកម្មសំខាន់ៗផ្សេងទៀតរបស់សហរដ្ឋអាមេរិក ដូចដែលពួកគេត្រូវបានកំណត់ភ្លាមៗបន្ទាប់ពី លោក ត្រាំ កាលពីមួយសប្តាហ៍មុនបានផ្អាកការអនុវត្តពន្ធគយជាក់លាក់របស់ប្រទេស “ទៅវិញទៅមក” រយៈពេល ៩០ថ្ងៃបន្ទាប់ពីភាពចលាចលទីផ្សារហិរញ្ញវត្ថុ។

នាយករដ្ឋមន្ត្រីជប៉ុនលោល Shigeru Ishiba និងលោក ត្រាំ បានព្រមព្រៀងគ្នាកាលពីដើមខែនេះថា បណ្តាប្រទេសនានានឹងបន្តការពិភាក្សាលើការយកពន្ធនាំចូល ដែលដាក់ដោយសហរដ្ឋអាមេរិកនៅថ្នាក់រដ្ឋមន្ត្រី។

លោក Akazawa បានលើកឡើងថា លោកបានជំរុញឱ្យសហរដ្ឋអាមេរិក ពិចារណាឡើងវិញនូវពន្ធដែលខ្លួនបានដាក់លើរថយន្ត ដែក និងអាលុយមីញ៉ូម ព្រមទាំងពន្ធលើមូលដ្ឋានរបស់ខ្លួនចំនួន ១០ភាគរយក្នុងអំឡុងពេលពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារ Scott Bessent រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Howard Lutnick និងតំណាងពាណិជ្ជកម្មអាមេរិក Jamieson Greer៕

ប្រែសម្រួល ឈូក បូរ៉ា

To Top