ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយសហភាពអឺរ៉ុប ដើម្បីពង្រឹងកិច្ចសន្ទនា និងការទំនាក់ទំនង ពង្រីកការបើកចំហរគ្នាទៅវិញទៅមក ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងរួមគ្នាការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានមូលដ្ឋានលើច្បាប់ជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលជាស្នូលរបស់ខ្លួន។
អ្នកនាំពាក្យចិនលោក He Yongqian បានកត់សម្គាល់ថា ឆ្នាំ២០២៥ គឺជាខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងអឺរ៉ុប ហើយភាគីទាំងពីរជាអ្នកតស៊ូមតិនៃសកលភាវូបនីយកម្មសេដ្ឋកិច្ច និងសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងអ្នកការពារយ៉ាងរឹងមាំ និងគាំទ្រ WTO ។
លោកបានបន្ថែមថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយអឺរ៉ុប ដើម្បីរក្សាស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងឧស្សាហកម្មសកល ហើយបញ្ចូលភាពប្រាកដប្រជា និងថាមពលវិជ្ជមានបន្ថែមទៀតទៅក្នុងសេដ្ឋកិច្ចពិភពលោក តាមរយៈឯករាជ្យភាព និងស្ថិរភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហភាពអឺរ៉ុប។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា អ្នកនាំពាក្យរូបនេះបានធ្វើការកត់សម្គាល់ពេលឆ្លើយសំណួរនៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃ៕
ប្រែសម្រួល ឈូក បូរ៉ា
