ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ប្រឈមមុខនឹងការគំរាមកំហែង នៃគោលនយោបាយពន្ធគយ ចរន្ត “បណ្តេញប្រទេសអាមេរិកឱ្យនៅឯកោ” នៅទូទាំងពិភពលោកត្រូវបង្កើនល្បឿន

ប៉ុន្មានថ្ងៃជាប់មកនេះ ភាគីអាមេរិកចាប់ផ្តើមធ្វើអ្វីដែលហៅថា ការចរចាអំពី“ពន្ធគយបដិការ” ដែលប៉ុនប៉ងបង្ខំឱ្យដៃគូពាណិជ្ជកម្មឱនក្បាលចុះញ៉ម ។

ក្នុងការពិគ្រោះពិភាក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មអាមេរិក-ជប៉ុន ដែលបើកធ្វើមុនគេបង្អស់ ភាគីអាមេរិកទាមទារឱ្យភាគីជប៉ុនបន្ធូរបន្ថយគោលជំហរ លើបញ្ហាអត្រាប្តូរប្រាក់និងបន្ថែមថវិកាការពារជាតិជាដើម។ រាល់កលល្បិចទាំងអស់ដែលតម្កល់ទុក ផលប្រយោជន៍របស់ភាគីអាមេរិកជាស្នូល ត្រូវបានលាតត្រដាងយ៉ាងច្បាស់លាស់ ។

មិនតែប៉ុណ្ណោះទេ រដ្ឋាភិបាលអាមេរិកក៏ត្រៀមដាក់សម្ពាធ ទៅលើប្រទេសដទៃទៀតក្នុងការចរចាអំពីពន្ធគយ ដែលតម្រូវឱ្យពួកគេដាក់កំហិតលើការ ប្រាស្រ័យទាក់ទងខាងពាណិជ្ជកម្មជាមួយប្រទេសចិន ដើម្បីដូរយកការលើកលែងពន្ធគយពីភាគីអាមេរិក ។ តែលទ្ធផលគឺយ៉ាងណាហ្នឹង? ចំពោះអ្វីដែលហៅថាសញ្ញានៃការចរចាអំពី ពន្ធគយដែលបញ្ចេញដោយភាគីអាមេរិក អង្គភាពសេដ្ឋកិច្ចដែលឆ្លើយតប យ៉ាងពិតប្រាកដគឺមិនសូវច្រើនទេ ។ មូលហេតុគឺសាមញ្ញណាស់ ភាគីអាមេរិកដំឡើងពន្ធគយ យ៉ាងអនាធិបតេយ្យក្នុងកម្រិតដូចគ្នា វាស្មើនឹង“ប្រយុទ្ធ”ជាមួយទូទាំងពិភពលោក ។ ប្រឈមមុខនឹងការយកការដំឡើងពន្ធគយជាអាវុធ ការបណ្តែតបណ្តោយមិនអាចដូរយកសន្តិភាពបានទេ ។ ប្រឈមមុខនឹងការអុជអាលបំបែកបំបាក់ ការបន្ធូរបន្ថយគោលជំហរ មិនអាចទទួលបានការគោរពឡើយ ។ នេះជាគំនិតឯកភាពរួមរបស់ប្រទេសជាច្រើន ។

បច្ចុប្បន្ននេះ ប្រឈមមុខនឹងអនុត្តរភាព ខាងពាណិជ្ជកម្មរបស់ភាគីអាមេរិក ទោះបីជាសម្ព័ន្ធមិត្តប្រពៃណីរបស់វា ក៏នាំគ្នាបង្ហាញអាកប្បកិរិយាតស៊ូប្រយុទ្ធយ៉ាងមុតមាំដែរ ។ សហភាពអឺរ៉ុបបានដាក់ចេញវិធានការតបតវិញភ្លាម ប្រទេសកាណាដាថ្លែងថា “យុគសម័យដែលកាណាដានិងអាមេរិកមានទំនាក់ទំនងជិតស្និទ្ធ” បានបញ្ចប់ហើយ ។ អូស្ត្រាលីថ្លែងថា នឹងមិនបន្ធូរបន្ថយគោលជំហរចំពោះភាគីអាមេរិកឡើយ ហើយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអង់គ្លេសបានថ្លែង ទៅកាន់ប្រព័ន្ធសារព័ត៌មាននៅពេលថ្មីៗកន្លងទៅនេះថា ការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយ ប្រទេសចិនគឺជាទង្វើដ៏ល្ងង់ណាស់ ។

ស្របពេលជាមួយគ្នានេះ អង្គភាពសេដ្ឋកិច្ចជាច្រើនកំពុងស្វែងរក បម្រែបម្រួលដោយម្ចាស់ការ ដើម្បីទប់ទល់នឹងហានិភ័យនិងការវាយប្រហារ ក៏ដូចជាលើកកម្ពស់ភាពធន់នៃសេដ្ឋកិច្ច តាមរយៈវិធីរៀបចំឡើងវិញនូវខ្សែសង្វាក់ផ្គត់ផ្គង់ និងកែសម្រួលរចនាសម្ព័ន្ធឧស្សាហកម្មជាដើម ។ ពេលថ្មីៗកន្លងទៅនេះ កាសែត 《Nikkei》 របស់ជប៉ុនបានចុះផ្សាយអត្ថបទថា បច្ចុប្បន្ននេះ និន្នាការ “បណ្តេញសហរដ្ឋអាមេរិកឱ្យនៅឯកោ” កំពុងពង្រីកជាបន្តបន្ទាប់ សហរដ្ឋអាមេរិកធ្វើផ្ទុយពីពាណិជ្ជកម្មសេរី ដែលកំពុងជំរុញឱ្យប្រទេសនិងតំបន់ ដែលខិតខំប្រឹងប្រែងដើម្បីសម្រេចពិពិធកម្ម ខាងពាណិជ្ជកម្មចូលក្នុងការចរចា ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ។

បច្ចុប្បន្ននេះ ប្រទេសចិនជាដៃគូពាណិជ្ជកម្មសំខាន់ របស់ប្រទេសនិងតំបន់ជាង១៥០។ នៅត្រីមាសទីមួយឆ្នាំនេះ ទំហំនាំចេញនាំចូលខាងពាណិជ្ជកម្មទំនិញ របស់ចិនបានឡើងដល់១០,៣ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង ១,៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ក្នុងនោះ ការនាំចេញបានកើនឡើង៦,៩ភាគរយ ដែលបង្ហាញពីភាពធន់ខ្លាំងបង្គួរ ក្នុងការឆ្លើយតបនឹងកម្លាំងសម្ពាធ ។ ទន្ទឹមនឹងចិនដាក់ចេញជាបន្តបន្ទាប់នូវ គោលនយោបាយដែលមានអំណោយផល ដល់ការពង្រីកការបើកទូលាយចំពោះអន្តរជាតិ និងទាក់ទាញការវិនិយោគបរទេស សហគ្រាសពហុជាតិជាច្រើនដូចជា ក្រុមហ៊ុន Mercedes-Benz និង BMW ជាដើមសុទ្ធតែបង្ហាញឥរិយាបថថា នឹងធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន ។

មិនថាភាគីអាមេរិកបានបង្កើតរបាំងខ្ពស់ និងផ្តាច់ទំនាក់ទំនងខាងសេដ្ឋកិច្ចយ៉ាងណាក៏ដោយ ក៏ចរន្តនៃការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច គឺមិនអាចដើរបញ្ច្រាសបាន ។ ប្រសិនបើមានអ្នកណាធ្វើការដោះដូរជាមួយ ភាគីអាមេរិកដោយមានចេតនាគ្រប់បែបយ៉ាង និងបំផ្លាញផលប្រយោជន៍របស់ភាគីចិន នោះ ភាគីចិននឹងចាត់វិធានការតបតវិញស្មើគ្នាយ៉ាងមុតមាំ ហើយប្រទេសចិនមានការប្តេជ្ញាចិត្ត និងសមត្ថភាពក្នុងការគាំពារសិទ្ធិនិងផលប្រយោជន៍ផ្ទាល់ខ្លួន ៕

To Top