ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ត្រៀមខ្លួន សម្រាប់កិច្ចព្រមព្រៀងជាមួយអាមេរិក ប្រសិនបើផលប្រយោជន៍ជាតិ ត្រូវបានគោរព

xinhua

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឲ្យដឹងថា អ៊ីរ៉ង់បើកចំហរក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ក្នុងកិច្ចពិភាក្សាដោយប្រយោលដែលកំពុងបន្ត ប្រសិនបើផលប្រយោជន៍ជាតិរបស់ប្រទេសនេះ ត្រូវបានរក្សា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Pezeshkian បានឲ្យដឹងក្នុងអំឡុងកិច្ចប្រជុំនៅទីក្រុងតេអេរ៉ង់ថា “នៅក្នុងការចរចាជាមួយសហរដ្ឋអាមេរិក យើងបានត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចព្រមព្រៀងមួយនៅក្នុងក្របខ័ណ្ឌដែលបានកំណត់ ហើយខណៈពេលដែលធានាបាននូវផលប្រយោជន៍ជាតិរបស់យើង” ។ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានព្រមានថា “ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើពួកគេ (តំណាងសហរដ្ឋអាមេរិក) បដិសេធមិនចរចាជាមួយយើងក្នុងលក្ខខណ្ឌស្មើគ្នា យើងនឹងបន្តឈរនៅលើផ្លូវរបស់យើង” ។

លោកបានបន្ថែមថា ដូចដែលបានបញ្ជាក់ពីមុនដោយមេដឹកនាំកំពូលលោក Ayatollah Ali Khamenei អ៊ីរ៉ង់នៅតែ “មិនមានសុទិដ្ឋិនិយម ឬទុទិដ្ឋិនិយម” ចំពោះការចរចានេះទេ។ លោក Pezeshkian ក៏បានបញ្ជាក់ម្តងទៀតថា ទីក្រុងតេអេរ៉ង់ មិនស្វែងរកជម្លោះនោះទេ ប៉ុន្តែនឹងទប់ទល់នឹងការប៉ុនប៉ងបង្ខិតបង្ខំណាមួយ។ លោកបានបន្តថា “យើងមិនចង់ប្រឈមមុខជាមួយនរណាម្នាក់ទេ ប៉ុន្តែយើងនឹងមិនអត់ឱន ចំពោះសម្ពាធ ឬការសម្លុតឡើយ”។

ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងបន្ទាប់ពីជុំទីពីរនៃកិច្ចចរចាដោយប្រយោលរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដែលបានធ្វើឡើងនៅទីក្រុងរ៉ូមកាលពីថ្ងៃសៅរ៍ជាមួយនឹងការសម្រុះសម្រួលពីប្រទេសអូម៉ង់។ ជុំទីមួយបានធ្វើឡើងនៅទីក្រុង Muscat នៅថ្ងៃទី១២ ខែមេសា ហើយវគ្គទី៣ គ្រោងនឹងធ្វើឡើងនៅរដ្ឋធានីអម៉ង់ ម្តងទៀតនៅថ្ងៃសៅរ៍ខាងមុខនេះ។

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នៅទីក្រុងតេអេរ៉ង់ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឲ្យដឹងថា ការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនៅតែជាតម្រូវការចម្បងរបស់អ៊ីរ៉ង់ក្នុងការចរចា។ ទន្ទឹមនឹងនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានពណ៌នាកិច្ចពិភាក្សានាពេលថ្មីៗនេះថា “ល្អណាស់” ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីចុងសប្តាហ៍ លោក ត្រាំ បានលើកឡើងថា “យើងមានកិច្ចប្រជុំល្អមែនទែនលើប្រទេសអ៊ីរ៉ង់” ដោយបន្ថែមថា “ជំហានបន្ទាប់ គឺយើងត្រូវការពេលវេលាបន្តិច” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top