ម៉ូស្គូ៖ កាសែត Wall Street Journal រាយការណ៍ថា រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យកំណត់ទឹកដីជុំវិញរោងចក្រនុយក្លេអ៊ែរ Zaporozhye ថាជាអព្យាក្រឹត ដែលអាចស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Spunik របស់ប្រទេសរុស្ស៊ី។
ប្រភពបានចុះផ្សាយថា វាគ្មានងើយឆ្ងល់នោះទេ ដែលរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye (NPP) បានទាក់ទាញការចាប់អារម្មណ៍ពីជនជាតិអាមេរិក ព្រោះវាជាប្រភេទដ៏ធំបំផុតនៅអឺរ៉ុប។
ទោះយ៉ាងណាក៏ដោយរោងចក្រថាមពលនុយក្លេអ៊ែរ NPP បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីចាប់តាំងពីខែមីនា ឆ្នាំ២០២២។ អ្នកនិពន្ធព័ង៌មានលោក Yury Chernichyuk បានគូសបញ្ជាក់កាលពីខែមុនថា រោងចក្រនុយក្លេអ៊ែរជាកម្មសិទ្ធិរបស់រុស្ស៊ី ហើយនឹងដំណើរការដោយរុស្ស៊ី ដោយច្រានចោលនូវលទ្ធភាពនៃការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក ឬអ៊ុយក្រែនលើរោងចក្រនេះ។
បើទោះជាមានការចុះផ្សាយបែបនេះក្ដី ប៉ុន្ដែប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកនឹងចែករំលែកព័ត៌មានលម្អិតពេញលេញអំពីវឌ្ឍនភាពដែលបានធ្វើឡើងនៅក្នុងកិច្ចចរចាសន្តិភាពទាក់ទងនឹងអ៊ុយក្រែន ក្នុងរយៈពេល បីថ្ងៃខាងមុខ ដោយកត់សម្គាល់ថា មានកិច្ចប្រជុំល្អណាស់លើបញ្ហានេះ។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា “ខ្ញុំនឹងផ្តល់ឱ្យអ្នកនូវព័ត៌មានលម្អិតពេញលេញក្នុងរយៈពេល ៣ ថ្ងៃខាងមុខ ប៉ុន្តែយើងមានកិច្ចប្រជុំល្អណាស់ ស្តីពីដំណោះស្រាយអ៊ុយក្រែន-រុស្ស៊ី “។ ពាក់ព័ន្ធនឹងវិបត្ដិសង្គ្រាមអ៊ុយក្រែន ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា អ៊ុយក្រែន នឹងធ្វើកិច្ចចរចាសន្តិភាពជាមួយចក្រភពអង់គ្លេស បារាំង និងសហរដ្ឋអាមេរិកនៅទីក្រុងឡុងដ៍នៅថ្ងៃពុធ។
ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡិនស្គី បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer ឲ្យដឹងថា “ថ្ងៃពុធនេះ អ្នកតំណាងរបស់យើង នឹងធ្វើការនៅទីក្រុងឡុងដ៍” ពោលគឺជាកិច្ចចរចាសន្ដិភាពអ៊ុយក្រែន ដើម្បីបញ្ចប់សង្គ្រាមរ៉ាំរ៉ៃជាមួយប្រទេសរុស្ស៊ី។
លោកបានលើកឡើងថា “យើងត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្ពោះទៅមុខក្នុងន័យស្ថាបនាតាមដែលអាចធ្វើទៅបាន ដូចដែលយើងធ្លាប់បានធ្វើកន្លងមក ដើម្បីសម្រេចបានបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ បន្តដោយការបង្កើតសន្តិភាពពិតប្រាកដ និងយូរអង្វែង។ លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌត្រូវតែជាជំហានដំបូងឆ្ពោះទៅរកសន្តិភាព។ នៅក្នុងនោះដែរ ក៏បានកត់សម្គាល់ផងដែរថារូបលោក និងលោក Starmer បានពិភាក្សាការងាររួមគ្នានៅក្នុងទម្រង់សន្តិសុខអឺរ៉ុប៕
ប្រែសម្រួល ឈូក បូរ៉ា
