វ៉ាស៊ីនតោន៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលរបស់ខ្លួននៅឆ្នាំ២០២៥ មកត្រឹម ២.៨ ភាគរយ ដែលជាការថយចុះយ៉ាងខ្លាំង ០.៥ ភាគរយពីការព្យាករណ៍កាលពីខែមករារបស់ខ្លួន នេះបើយោងតាមទស្សនវិស័យសេដ្ឋកិច្ចពិភពលោកចុងក្រោយ (WEO) ។
របាយការណ៍បានឲ្យដឹងថា “ចាប់តាំងពីការចេញផ្សាយការអាប់ដេត WEO ខែមករា វិធានការពន្ធថ្មីជាបន្តបន្ទាប់ដោយសហរដ្ឋអាមេរិក និងវិធានការតបតដោយដៃគូពាណិជ្ជកម្មត្រូវបានប្រកាស និងអនុវត្តដោយពន្ធគយសកល កាលពីថ្ងៃទី ២ ខែមេសា និងនាំមកនូវអត្រាពន្ធដ៏មានប្រសិទ្ធភាពដល់កម្រិត ដែលមិនបានឃើញក្នុងរយៈពេលមួយសតវត្សរ៍កន្លងមកនេះ”។
ដោយកត់សម្គាល់ថា ពន្ធគយតែមួយមុខគឺជា “ការភ្ញាក់ផ្អើលអវិជ្ជមានដ៏សំខាន់” IMF បានឲ្យដឹងថា “ភាពមិនអាចទាយទុកជាមុនបាន” ដែលវិធានការទាំងនេះបានលាតត្រដាងប៉ះពាល់អវិជ្ជមានដល់សកម្មភាពសេដ្ឋកិច្ច និងទស្សនវិស័យ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រធានសេដ្ឋវិទូរបស់ IMF លោក Pierre-Olivier Gourinchas បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ប្រព័ន្ធសេដ្ឋកិច្ចសកល ដែលប្រទេសភាគច្រើនបានដំណើរការក្នុងរយៈពេល ៨០ ឆ្នាំចុងក្រោយនេះ កំពុងត្រូវបានកំណត់ឡើងវិញ ដោយនាំពិភពលោកចូលទៅក្នុងយុគសម័យថ្មីមួយទៀត។
ក្រោមការព្យាករណ៍យោងដែលរួមបញ្ចូលព័ត៌មានគិតត្រឹមថ្ងៃទី ៤ ខែមេសា កំណើនសកលត្រូវបានព្យាករថា នឹងធ្លាក់ចុះមកត្រឹម ២.៨ ភាគរយក្នុងឆ្នាំ២០២៥ និង ៣ ភាគរយនៅឆ្នាំ២០២៦ ធ្លាក់ចុះពី ៣.៣ ភាគរយសម្រាប់ទាំងពីរឆ្នាំនៅក្នុងការអាប់ដេតរបស់ WEO ក្នុងខែមករា ហើយភាគច្រើនទាបជាងប្រវត្តិសាស្រ្តក្នុងចន្លោះឆ្នាំ២០០០-២០១៩ ដែលជាមធ្យមត្រឹម ៣.៧ ភាគរយ៕
ប្រែសម្រួល ឈូក បូរ៉ា
