ញូវយ៉ក៖ ពន្ធគយរបស់រដ្ឋបាលលោក ត្រាំ លើរថយន្តនាំចូល និងគ្រឿងបន្លាស់ បានគ្របដណ្ដប់លើអ្នកប្រើប្រាស់ និងអ្នកចែកចាយបន្ដ នៅឯពិព័រណ៍រថយន្តអន្តរជាតិញូវយ៉កឆ្នាំ២០២៥ ទោះបីជាការប្រញាប់ប្រញាល់របស់អតិថិជនមួយចំនួនក្នុងការទិញរថយន្តមិនទាន់ជាប់ពន្ធបានជំរុញការលក់ក្នុងខែមីនា ឲ្យមានការកើនឡើងក៏ដោយ។
ការលក់មិនល្អត្រូវបានរំពឹងទុកបន្ទាប់ពីមានបញ្ហាជិតមកដល់ ក្នុងនោះសហរដ្ឋអាមេរិក បានឃើញការលក់រថយន្តកើនឡើងខ្លាំងក្នុងខែមីនា ខណៈអតិថិជនប្រញាប់ប្រញាល់ទិញមុនពេលពន្ធនឹងចាប់ផ្តើម ប៉ុន្តែទស្សនវិស័យមើលទៅបែរអាប់អួរវិញ បន្ទាប់ពីពន្ធគយ គ្រោងនឹងចូលជាធរមាន។
លោក Mark Schienberg ប្រធានសមាគមអ្នកចែកចាយរថយន្ត Greater New York បានឲ្យដឹងថា “ស្ថានភាពពន្ធគយច្បាស់ជាមានផលប៉ះពាល់យ៉ាងសំខាន់ដល់លទ្ធភាពនៃតម្លៃសមរម្យ សម្រាប់អតិថិជន” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានលើកឡើងថា “នេះគឺជាឧស្សាហកម្មសកលពិតប្រាកដ ដូច្នេះមិនមានប្រភពណាមួយដែលគ្រឿងបន្លាស់ និងផលិតផលមកពីណានោះទេ។ ពួកវាមកពីគ្រប់ទិសទី។ ដូច្នេះ នៅពេលអ្នកនិយាយអំពីពន្ធលើវា មិនថាអ្នកជាអ្នកផលិតរថយន្តក្នុងស្រុក ឬអ្នកនាំចូលនោះទេ អ្នកនឹងជះឥទ្ធិពលជាសក្តានុពលលើការចំណាយលើការផលិតរថយន្ត”។
លោកស្រី Laura Perrotta ប្រធានក្រុមហ៊ុន New Jersey Coalition of Automobile Retailers បានឲ្យដឹងថា នៅពេលដែលពន្ធចាប់ផ្តើមចូល “យើងឃើញការធ្លាក់ចុះដ៏ធំមួយ។ ជាអកុសល ខ្ញុំគិតថា យើងឃើញមានការធ្លាក់ចុះពិតប្រាកដនៃការលក់ដែលបានគ្រោងទុក សម្រាប់ឆ្នាំនេះ” ។
លោកស្រី Perrotta បានប្រាប់កាសែតស៊ិនហួឲ្យដឹងថា នៅក្រៅកិច្ចពិភាក្សានាពេលថ្មីៗនេះ ក្នុងអំឡុងពេលពិព័រណ៍រថយន្តអន្តរជាតិញូវយ៉កឆ្នាំ២០២៥ ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែមេសាថា “ខ្ញុំខ្លាចថាយើងអាចឃើញការកាត់បន្ថយពិតប្រាកដនៃការលក់សរុប សម្រាប់ឆ្នាំនេះ” ។ លោកស្រីបានបន្ដថា វាពិតជាអាក្រក់ណាស់ ដែលតម្លៃស្ទីគ័ររបស់រថយន្តនីមួយៗ នឹងកើនឡើងពី ២,០០០ ដុល្លារដល់ ១០,០០០ ដុល្លារអាមេរិកដោយសារពន្ធគយ។
S&P Global Mobility បានបន្ទាបការប៉ាន់ប្រមាណការលក់នៅសហរដ្ឋអាមេរិករបស់ខ្លួន សម្រាប់រថយន្ត និងរថយន្តធុនស្រាលក្នុងឆ្នាំ២០២៥ ដោយការកើនឡើង ៧០០,០០០ បន្ថែមពីលើការកាត់បន្ថយការព្យាករណ៍ សម្រាប់ឆ្នាំ២០២៦ និងឆ្នាំ២០២៧ នេះបើយោងតាមរបាយការណ៍ដែលបានចុះផ្សាយនៅថ្ងៃទី១៤ ខែមេសា។
ផលិតកម្មរថយន្ដនៅអាមេរិកខាងជើង ត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះ ១.២៨ លានគ្រឿង ដល់ចន្លោះពី ១៣.៩ លានទៅ ១៤.២ លានគ្រឿងនៅក្នុងឆ្នាំ២០២៥ ។ លោក Stephanie Brinley អ្នកវិភាគផ្នែករថយន្តធំនៅ S&P Global Mobility បានសរសេរថា “ផលប៉ះពាល់នៃពន្ធលើរថយន្តរបស់លោក ត្រាំ រួមជាមួយនឹងពន្ធសកល ១០ ភាគរយបាននាំឱ្យមានការផ្លាស់ប្តូរដ៏ធំបំផុតមួយក្នុង ១ ខែដែលយើងមិនធ្លាប់មាន ចំពោះការព្យាករណ៍”៕
ប្រែសម្រួល ឈូក បូរ៉ា
