បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បានទទួលការយល់ដឹងកាន់តែប្រសើរឡើងអំពីជំហររបស់រុស្ស៊ីលើជម្លោះអ៊ុយក្រែន ដែលឥឡូវនេះបានភ្ជាប់ពាក្យជាមួយទីក្រុងមូស្គូ បន្ទាប់ពីមានការបដិសេធការទូតរយៈពេលបីឆ្នាំកន្លងមកនេះ។
លោកRubio បានធ្វើការកត់សម្គាល់នេះកាលពីថ្ងៃពុធនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានសេរីដោយនិយាយថាសហរដ្ឋអាមេរិកបាននិងកំពុងស្វែងរកដើម្បីចាប់យកអ្វីដែលជាជំហររបស់រុស្ស៊ី។
លោកបានបញ្ជាក់ថា៖យើងយល់កាន់តែច្បាស់ពីរឿងនេះហើយព្រោះយើងពិតជាបាននិយាយជាមួយពួកគេបន្ទាប់ពីបីឆ្នាំហើយដែលមិននិយាយជាមួយពួកគេ។
រំលឹកដែរថាទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ស្ទើរតែបានដួលរលំ បន្ទាប់ពីការកើនឡើងនៃជម្លោះអ៊ុយក្រែនឆ្នាំ ២០២២ ក្រោមការដឹកនាំរបស់ប្រធានាធិបតី Joe Biden ។
ចាប់តាំងពីការវិលត្រឡប់ទៅកាន់សេតវិមានក្នុងខែមករា លោកប្រធានាធិបតី Donald Trump បានឃ្លាតឆ្ងាយពីគោលនយោបាយរបស់លោក Biden ដោយជំរុញឱ្យមានដំណោះស្រាយយ៉ាងឆាប់រហ័សចំពោះជម្លោះ និងកំណត់ឡើងវិញនូវទំនាក់ទំនងទ្វេភាគីហើយជាលទ្ធផលភាគីទាំងពីរបានធ្វើការចរចាកម្រិតខ្ពស់ជាច្រើនលើកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ៕
ប្រែសម្រួល៖ស៊ុនលី
