បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Phumtham Wechayachai បានបដិសេធពាក្យចចាមអារ៉ាមថា លោកត្រូវបានសហរដ្ឋអាមេរិកបដិសេធទិដ្ឋាការ បន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលថៃនាពេលថ្មីៗនេះ ក្នុងការធ្វើមាតុភូមិនិវត្តន៍ជនជាតិ អ៊ុយហ្គ័រ ទៅកាន់ប្រទេសចិន។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Phumtham Wechayachai បានឆ្លើយតបកាលពីថ្ងៃពុធចំពោះសំណួររបស់អ្នកសារព័ត៌មានអំពីអវត្តមានរដ្ឋមន្ត្រីសំខាន់ៗពីគណៈប្រតិភូថៃ ដែលដឹកនាំដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុ Pichai Chunhavajira ដែលកំពុងចរចាជាមួយសហរដ្ឋអាមេរិកជុំវិញការដំឡើងពន្ធពាណិជ្ជកម្ម។
លោក Phumtham បានទទួលស្គាល់ថា មន្ត្រីសន្តិសុខថៃមិនបានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកសម្រាប់កិច្ចពិភាក្សាដែលត្រូវបានពន្យារពេលនោះទេ ប៉ុន្តែលោកបាននិយាយថា សំណើទាក់ទងនឹងសន្តិសុខ អាចត្រូវបានបញ្ជូនបន្តទៅលោកសម្រាប់សកម្មភាពបន្ថែមទៀតដោយគ្មានលោកធ្វើដំណើរទៅសហរដ្ឋអាមេរិក។
លោកបានទទូចថា ក្រសួងការពារជាតិបានធ្វើការវាយតម្លៃលើការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ហើយបានបញ្ជូនរបាយការណ៍នេះទៅគណៈប្រតិភូថៃ។ នៅពេលសួរថាតើការដកមន្ត្រីសន្តិសុខថៃចេញពីគណៈប្រតិភូ ពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍របស់ជនជាតិអ៊ុយហ្គ័រ ឬយ៉ាងណានោះ លោក Phumtham បាននិយាយថា លោកមិនត្រូវបានជូនដំណឹងដោយសហរដ្ឋអាមេរិកអំពីការរឹតបន្តឹងការធ្វើដំណើរណាមួយឡើយ។
សូមរំលឹកថា បន្ទាប់ពីការធ្វើមាតុភូមិនិវត្តន៍ជនជាតិអ៊ុយហ្គ័រ ទៅកាន់ប្រទេសចិន, ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីថៃមួយចំនួនសម្រាប់តួនាទីរបស់ពួកគេក្នុងការនិរទេសជនជាតិអ៊ុយហ្គ័រទាំងនោះ៕
ប្រែសម្រួលៈ ណៃ តុលា
