បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសឥណ្ឌាបានដកហូតទិដ្ឋាការ របស់ជនជាតិប៉ាគីស្ថានទាំងអស់នៅក្នុងប្រទេស ហើយបានបញ្ជាឱ្យពួកគេចាកចេញត្រឹមថ្ងៃទី២៧ ខែមេសាប៉ុណ្ណោះ។
សកម្មភាពនេះបានធ្វើឡើងជាការឆ្លើយតបទៅនឹង ការវាយប្រហារភេរវកម្មនៅក្នុងទឹកដីសហព័ន្ធ Jammu និង Kashmir របស់ប្រទេសឥណ្ឌា ហើយដែលបានសម្លាប់មនុស្ស២៦នាក់ និងរាប់សិបនាក់រងរបួស។
ក្រសួងការបរទេសឥណ្ឌា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការសម្រេចចិត្តនេះរួមបញ្ចូលទាំងជនជាតិប៉ាគីស្ថាន បច្ចុប្បន្ននៅក្នុងប្រទេសឥណ្ឌា សម្រាប់ការព្យាបាលវេជ្ជសាស្រ្តក្តី។ ទិដ្ឋាការវេជ្ជសាស្រ្តនឹងមានសុពលភាពត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ហើយជនជាតិប៉ាគីស្ថានទាំងអស់ នៅក្នុងប្រទេសឥណ្ឌាត្រូវបានតម្រូវឱ្យចាកចេញ ពីប្រទេសមុនកាលបរិច្ឆេទផុតកំណត់ទិដ្ឋាការ ដែលបានកែប្រែរបស់ពួកគេ។
ក្រសួងបាននិយាយថា ៖ជនជាតិឥណ្ឌាត្រូវបានណែនាំយ៉ាងខ្លាំង ឱ្យជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថានហើយ ជនជាតិឥណ្ឌាទាំងនោះដែលបច្ចុប្បន្ន នៅក្នុងប្រទេសប៉ាគីស្ថានក៏ត្រូវបានណែនាំ ឱ្យត្រឡប់ទៅប្រទេសឥណ្ឌាវិញ ឱ្យបានឆាប់បំផុតផងដែរ។
ការសម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីគណៈកម្មាធិការគណៈរដ្ឋមន្ត្រីស្តីពីសន្តិសុខ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Narendra Modi បានសម្រេចចិត្តលើវិធានការសងសឹក រួមទាំងការបណ្តេញអ្នកការទូតប៉ាគីស្ថានរាប់សិបនាក់ ការបិទព្រំដែន Wagah-Attari រវាងប្រជាជាតិទាំងពីរ និងការបញ្ឈប់សន្ធិសញ្ញាដែនទឹក Indus ឆ្នាំ១៩៦០ ស្តីពីការប្រើប្រាស់ទឹកនៃប្រទេសទាំងពីរផងដែរ៕
ប្រែសម្រួល៖ ស៊ុន លី
