វ៉ាស៊ីនតោន៖ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានឲ្យដឹងថា សហរដ្ឋអាមេរិកគឺកំពុងខិតកាន់តែជិតទៅនឹងកិច្ចព្រមព្រៀងជាមួយប្រទេសជប៉ុន នៅពេលដែលប្រទេសទាំងពីរបន្តការពិភាក្សាអំពីពន្ធរបស់សហរដ្ឋអាមេរិក។
ការកត់សម្គាល់របស់លោកបានធ្វើឡើងនៅពេលដែលលោក Ryosei Akazawa ដែលជាប្រធានតំណាងរបស់ប្រទេសជប៉ុន ក្នុងការចរចារពន្ធគយជាមួយរដ្ឋបាលសហរដ្ឋអាមេរិក គ្រោងនឹងធ្វើទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ទីក្រុងវ៉ាស៊ីនតោន ចាប់ពីថ្ងៃពុធសម្រាប់ការចរចាជុំទីពីរ។

លោក Akazawa បានស្នើឱ្យសហរដ្ឋអាមេរិកពិចារណាឡើងវិញនូវពន្ធ ដែលបានប៉ះពាល់ដល់ការនាំចេញផ្សេងៗ រួមទាំងទំនិញពីឧស្សាហកម្មរថយន្តដ៏ធំរបស់ប្រទេសនេះ។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា “ខ្ញុំកំពុងមានទំនាក់ទំនងល្អជាមួយប្រទេសជប៉ុន។ យើងជិតឈានដល់កិច្ចព្រមព្រៀងមួយ” លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានមុនពេលធ្វើដំណើររបស់លោក ទៅកាន់ទីក្រុងរ៉ូម សម្រាប់ពិធីបុណ្យសពរបស់សម្តេច Pope Francis ទោះបីជាលោកមិនបាននិយាយលម្អិតបន្ថែមទៀតក៏ដោយ។
លោក ត្រាំ ត្រូវបានគេឲ្យដឹងថា កំពុងមើលកិច្ចពិភាក្សាពន្ធជាមួយជប៉ុន ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់ និងជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់ ជាអាទិភាពកំពូល ហើយដំណើរការនេះកំពុងត្រូវបានចាត់ទុកថា ជាករណីសាកល្បងសម្រាប់ប្រទេសផ្សេងទៀត ដែលកំពុងស្វែងរកការបន្ធូរបន្ថយពីពន្ធដ៏ធំទូលាយរបស់សហរដ្ឋអាមេរិកផងដែរ។
ការដំឡើងពន្ធជាមធ្យោបាយមួយដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មដ៏ធំរបស់សហរដ្ឋអាមេរិក និងដើម្បីដោះស្រាយនូវអ្វីដែលលោកចាត់ទុកថាជាការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ លោក ត្រាំ បានដាក់ពន្ធលើការនាំចូលខ្ពស់លើរថយន្ត ដែក និងអាលុយមីញ៉ូមបន្ទាប់ពីការវិលត្រឡប់របស់លោកទៅកាន់សេតវិមានក្នុងខែមករា៕
ប្រែសម្រួល ឈូក បូរ៉ា
