ព័ត៌មានអន្តរជាតិ

សហរដ្ឋ​អាមេរិក បើក​ការ​វាយឆ្មក់​ ១.២០០លើក លើ​ប្រទេស​យេម៉ែន ចាប់​តាំង​ពី​ខែ​មីនា

US Central Command

យេម៉ែន៖ ក្រុមហ៊ូទី បានអះអាងថា យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក បានធ្វើការវាយឆ្មក់ចំនួន ១,២០០លើក លើប្រទេសយេម៉ែនចាប់តាំងពីពាក់កណ្តាលខែមីនា ដែលបណ្តាលឱ្យមានជនស៊ីវិលរាប់រយនាក់ស្លាប់ និងរងរបួស និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អាជ្ញាធរកិច្ចការបរទេសនៃក្រុមនេះបានចោទប្រកាន់ថា ប្រតិបត្តិការរបស់សហរដ្ឋអាមេរិក បានបំផ្លាញ “កន្លែងជនស៊ីវិលជាច្រើន រួមទាំងលំនៅដ្ឋាន កំពង់ផែ មន្ទីរពេទ្យ អាងទឹក និងទីតាំងបុរាណវត្ថុ ដោយបំពានលើច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ”។

ក្រុមនេះបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា បានធ្វើការប៉ុនប៉ងដ៏អាក្រក់ ដើម្បីគេចចេញពីការទទួលខុសត្រូវរបស់ខ្លួន ចំពោះឧក្រិដ្ឋកម្មដែលខ្លួនកំពុងប្រព្រឹត្តនៅក្នុងប្រទេសយេម៉ែន និងធ្វើការដើម្បីបិទបាំងអំពើបាបដ៏អាក្រក់របស់ខ្លួនប្រឆាំងនឹងយេម៉ែន និងឧក្រិដ្ឋកម្មរបស់ខ្លួនប្រឆាំងនឹងជនស៊ីវិល”។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មិន​បាន​ចេញ​ការ​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់ក្រុមហ៊ូទី ទាំង​នេះនៅឡើយទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សហរដ្ឋ​អាមេរិក​បាន​បន្ត​ប្រតិបត្តិការ​យោធា​ប្រឆាំង​នឹង​យេម៉ែន​នៅ​ថ្ងៃ​ទី១៥ ខែ​មីនា បន្ទាប់​ពី​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​បញ្ជា​ឲ្យ​មាន​សកម្មភាព​យោធា​យ៉ាង​ម៉ឺងម៉ាត់​និង​មាន​ឥទ្ធិពល​ប្រឆាំង​នឹង​កងកម្លាំងហ៊ូទី។ លោក ត្រាំ បានសន្យាជាបន្តបន្ទាប់ថា ការវាយប្រហារនឹងបន្តរហូតដល់ក្រុមនេះមិនបង្កការគំរាមកំហែងដល់ “សេរីភាពនៃការធ្វើនាវាចរណ៍”។

ទោះបីជាមានការគម្រាមកំហែងទាំងនេះក៏ដោយ ក៏ក្រុមហ៊ូទី ត្រូវបានគេរាយការណ៍ថា បានបង្កើនការវាយប្រហាររបស់ពួកគេទៅលើអ៊ីស្រាអែល ក៏ដូចជាលើកងកម្លាំងទ័ពជើងទឹកសហរដ្ឋអាមេរិក និងយន្តហោះដ្រូន ដែលកំពុងប្រតិបត្តិការនៅសមុទ្រក្រហម៕

ប្រែសម្រួល ឈូក បូរ៉ា

To Top