ព័ត៌មានអន្តរជាតិ

ចិន ថ្កោលទោស​ការដាក់ពន្ធ​គយរបស់អាមេរិក​ជុំវិញសារធាតុ Fentanyl ថា​ជា​ការ​គំរាមកំហែង

xinhua

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការដាក់ពន្ធលើប្រទេសចិន ក្រោមលេសនៃបញ្ហាសារធាតុ fentanyl ដោយហៅវាថាជាទង្វើធម្មតានៃការសម្លុត និងគំរាមកំហែងរបស់អាមេរិក។

អ្នកនាំពាក្យចិនលោក Guo Jiakun បានធ្វើការកត់សម្គាល់ជាការឆ្លើយតបទៅនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលស្នើថា សហរដ្ឋអាមេរិកអាចនឹងដាក់វិធានការដាក់ទណ្ឌកម្មបន្ថែមទៀត ដើម្បីដាក់សម្ពាធលើប្រទេសចិនឱ្យចាត់វិធានការសំខាន់ៗលើបញ្ហាសារធាតុ fentanyl ។

លោកបានលើកឡើងថា សារធាតុ Fentanyl គឺជាបញ្ហាសម្រាប់សហរដ្ឋអាមេរិក មិនមែនប្រទេសចិននោះទេ ហើយការទទួលខុសត្រូវគឺស្ថិតនៅជាមួយសហរដ្ឋអាមេរិកផ្ទាល់។

លោកបានបន្ថែមថា សហរដ្ឋអាមេរិក បានដាក់ពន្ធបន្ថែមលើប្រទេសចិន ដោយមិនសមហេតុផល មិនយកចិត្តទុកដាក់ ចំពោះសុច្ឆន្ទៈរបស់ចិន ហើយការធ្វើដូច្នេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើការគ្រប់គ្រងគ្រឿងញៀន។

អ្នកនាំពាក្យរូបនេះបានលើកឡើងថា “សហរដ្ឋអាមេរិក គួរតែយល់ថា យុទ្ធនាការលាបពណ៌ និងការវាយប្រហារមិនអាចលាក់បាំងការបរាជ័យរបស់ខ្លួនក្នុងការបំពេញទំនួលខុសត្រូវរបស់ខ្លួនបាននោះទេ ថាការសងសឹកដោយភាពអាក់អន់ចិត្តនឹងមិនអាចជួយដោះស្រាយបញ្ហាបាននោះទេ ហើយសម្ពាធ និងការគំរាមកំហែងនោះមិនមែនជាមធ្យោបាយត្រឹមត្រូវ ដើម្បីចូលរួមជាមួយប្រទេសចិន នោះទេ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top