ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បញ្ជាក់ពីការដាក់ពង្រាយ ទ័ពទៅកាន់រុស្ស៊ី ក្រោមកិច្ចសន្យាទ្វេភាគី

kyodo

សេអ៊ូល៖ យោងតាមប្រព័ន្ធ ផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបញ្ជាក់ជាលើកដំបូងថា ខ្លួនបានបញ្ជូនកងទ័ព ទៅប្រយុទ្ធក្នុង ប្រទេសរុស្ស៊ី ប្រឆាំងនឹងកងកម្លាំង អ៊ុយក្រែន ក្រោមកិច្ចព្រមព្រៀង សហប្រតិបត្តិការ ការពារជាតិទ្វេភាគី ដោយមេដឹកនាំលោក គីម ជុងអ៊ុន សម្រេចចិត្តចូលរួមយោធា របស់ប្រទេសខ្លួននៅក្នុងសង្គ្រាម ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើងបានឲ្យដឹងថា កងទ័ពកូរ៉េខាងជើង ដែលបានចូលរួមប្រតិបត្តិការ “រំដោះតំបន់ Kursk តាមបញ្ជា” របស់លោក គីម ជុងអ៊ុន “បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបំផ្លាញកងកម្លាំងរបស់អ៊ុយក្រែន ដោយបង្ហាញវីរភាពដ៏ធំធេង ភាពក្លាហាន ដែលមិនអាចប្រៀបផ្ទឹមបាន និងស្មារតីលះបង់ខ្លួនឯង” ។

របាយការណ៍របស់សារ ព័ត៌មានរដ្ឋកូរ៉េខាងជើង ដែលជាសេចក្តីថ្លែងការណ៍ ជាលាយលក្ខណ៍អក្សរ ពីគណៈកម្មាធិការមជ្ឈិម នៃគណបក្សពលករកូរ៉េ ដែលកំពុងកាន់អំណាច បានកើតមានឡើង បន្ទាប់ពីឧត្តមសេនីយកំពូល របស់រុស្ស៊ីមួយរូប បានបញ្ជាក់ជាលើកដំបូងថា ប្រទេសរបស់លោកបាន ដាក់ពង្រាយកងទ័ពកូរ៉េខាងជើង នៅក្នុងសង្គ្រាមអ៊ុយក្រែន។

ក្នុងអំឡុងសន្និសីទតាមវីដេអូជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន លោក Valery Gerasimov ប្រធានអគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានរាយការណ៍ថា ទីក្រុងម៉ូស្គូ បានគ្រប់គ្រងឡើងវិញ ទាំងស្រុងនូវតំបន់ Kursk ដែលធ្លាប់កាន់កាប់ដោយផ្នែក ជាកន្លែងដែលទីក្រុងគៀវ មានការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើល កាលពីខែសីហាឆ្នាំមុន។

គណៈកម្មការយោធាបានឲ្យដឹងថា ការបញ្ចប់ប្រតិបត្តិការ ដើម្បីរំដោះតំបន់ Kursk “បង្ហាញពីកម្រិតយុទ្ធសាស្ត្រ ខ្ពស់បំផុត នៃមិត្តភាពសកម្មប្រយុទ្ធដ៏រឹងមាំ” រវាងកូរ៉េខាងជើង និងរុស្ស៊ី និងសម្ព័ន្ធភាព ក៏ដូចជាទំនាក់ទំនងជាបងប្អូន រវាងប្រជាជន នៃប្រទេសទាំងពីរ។ សន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលចុះហត្ថលេខាដោយលោក គីម ជុងអ៊ុន និងលោក ពូទីន កាលពីខែមិថុនា កន្លងទៅ រួមមានការផ្តល់ ការប្តេជ្ញាចិត្ត ចំពោះជំនួយទៅវិញទៅមក ប្រសិនបើប្រទេស ណាមួយរងការវាយប្រហារ។ នៅក្នុងនោះដែរក្រុងព្យុងយ៉ាងបានឲ្យដឹងថា សកម្មភាពយោធាកូរ៉េខាងជើង នៅក្នុងប្រទេសរុស្ស៊ី “អនុលោមតាមគ្រប់បទប្បញ្ញត្តិ និងស្មារតី នៃធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិផ្សេងទៀត៕

To Top