ហ្គាហ្សា៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៤៣នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យការពារជនស៊ីវិល លោក Mahmoud Basal បានប្រាប់ស៊ីនហួថា មនុស្ស ៨នាក់ រួមទាំងកុមារ ៣នាក់ និងស្ត្រីម្នាក់ ត្រូវបានសម្លាប់ នៅពេលដែលយន្តហោះអ៊ីស្រាអែល បានវាយប្រហារលើតង់លំនៅដ្ឋានជនភៀសខ្លួននៅជិតទីក្រុង Hamad ភាគពាយព្យនៃទីក្រុងខាន់យូនីស នៅភាគខាងត្បូង តំបន់ហ្គាហ្សាស្ទ្រីប ។
លោក Basal បានបន្ថែមថា នៅក្នុងការវាយប្រហារមួយផ្សេងទៀត ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ៥ នាក់ និងជាច្រើននាក់ទៀតបានរងរបួស ខ្លះទៀតរបួសធ្ងន់ធ្ងរនៅ Deir-al-Balah នៅកណ្តាលតំបន់ហ្គាហ្សា។
លោកក៏បានរាយការណ៍ផងដែរថា មនុស្ស ៦ នាក់បានស្លាប់ និង ២០ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើហាងកាហ្វេមួយនៅជិតច្រកចូលជំរុំជនភៀសខ្លួន Nuseirat និង Bureij នៅកណ្តាលតំបន់ហ្គាហ្សាស្ទ្រីប។
លោកបានលើកឡើងថា យ៉ាងហោចណាស់មានកុមារ ៤នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល លើការប្រមូលផ្តុំក្មេងៗនៅក្នុងទីក្រុង al-Zawayda ភាគកណ្តាល តំបន់ហ្គាហ្សាស្ទ្រីប ។ មនុស្ស ៨ នាក់ រួមទាំងកុមារ ៣ នាក់ត្រូវបានសម្លាប់នៅពេលដែលយន្តហោះអ៊ីស្រាអែល បានកំណត់គោលដៅនៃការប្រមូលផ្តុំ ជនជាតិប៉ាឡេស្ទីននៅក្នុងសង្កាត់ Tuffah ភាគឦសាននៃទីក្រុងហ្គាហ្សា។
យោងតាម Basal បានឱ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១២នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាស និងកាំភ្លើងធំរបស់អ៊ីស្រាអែល ទៅលើផ្ទះជាច្រើននៅក្នុងសង្កាត់ Shuja’iyya, al-Zeitoun និង al-Tuffah ភាគខាងកើតនៃទីក្រុងហ្គាហ្សា៕
ប្រែសម្រួល ឈូក បូរ៉ា
