ព័ត៌មានអន្តរជាតិ

ជុំទី៤ នៃកិច្ចចរចារវាងអ៊ីរ៉ង់ និងអាមេរិក ទំនងជានឹងធ្វើឡើងនៅអឺរ៉ុប ក្នុងរយៈពេល ២សប្តាហ៍ខាងមុខ

Sputnik

មូស្គូ៖ ការចរចារជុំទី៤ រវាងអាមេរិក និងអ៊ីរ៉ង់ ទំនងជានឹងធ្វើឡើងនៅទ្វីបអឺរ៉ុប ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ នេះបើតាមកាសែត The New York Times បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាមេរិក និងប្រភពមិនបញ្ចេញឈ្មោះ។

កិច្ចពិភាក្សាជុំទី៣ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ស្តីពីបញ្ហានុយក្លេអ៊ែរ បានធ្វើឡើងនៅក្នុងរដ្ឋធានី Muscat ប្រទេសអូម៉ង់ កាលពីថ្ងៃសៅរ៍។ គណៈប្រតិភូអ៊ីរ៉ង់ ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi និងគណៈប្រតិភូអាមេរិកដោយបេសកជនពិសេសលោក Steve Witkoff ។ បន្ទាប់ពីកិច្ចពិភាក្សា លោក Araghchi បានឲ្យដឹងថា ជុំទីបីនៃកិច្ចចរចាដោយប្រយោលគឺ ល្អប្រសើរខ្លាំងជាងការពិភាក្សាមុនៗ។

មន្ត្រីជាន់ខ្ពស់អាមេរិក ដែលមិនបញ្ចេញឈ្មោះបានប្រាប់កាសែតថា កិច្ចចរចាជុំថ្មីក៏នឹងត្រូវបានសម្របសម្រួលដោយប្រទេសអូម៉ង់ នៅអឺរ៉ុបផងដែរ។ ប្រភពផ្សេងទៀតបានឲ្យដឹងថា កិច្ចពិភាក្សាអាចនឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ ដោយបន្ថែមថា អាមេរិកត្រូវការពេលវេលាខ្លះដើម្បីពិចារណាព័ត៌មាន និងសំណើពីប្រទេសអ៊ីរ៉ង់ ហើយថាទីក្រុងវ៉ាស៊ីនតោន ចង់បានទីតាំងងាយស្រួលជាង នៅជិតសហរដ្ឋអាមេរិក ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top