ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី សម្តែងការដឹងគុណ និងសន្យាជួយការពារ ប្រទេសកូរ៉េខាងជើង

RT News

បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រុស្ស៊ីពិតជានឹងជួយកូរ៉េខាងជើងការពារខ្លួន ប្រសិនបើតម្រូវការបែបនេះកើតឡើង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃសៅរ៍ អគ្គសេនាធិការរុស្ស៊ី លោក Valery Gerasimov បានប្រាប់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ថា ទាហានកូរ៉េខាងជើង បានបង្ហាញពី “វិជ្ជាជីវៈខ្ពស់ ភាពក្លាហាន និងវីរភាព” ក្នុងការជួយក្នុងការរំដោះពេញលេញ នៃតំបន់ Kursk ដែលត្រូវបានឈ្លានពានដោយកងកម្លាំង អ៊ុយក្រែនកាលពីខែសីហា។

នៅពេលសួរដោយអ្នក កាសែតកាលពីថ្ងៃច័ន្ទថា តើទីក្រុងមូស្គូនឹងត្រៀមខ្លួន ជាស្រេចក្នុងការផ្តល់ការគាំទ្រ ផ្នែកយោធាដល់ទីក្រុងព្យុងយ៉ាងដែរឬទេ លោក Peskov បានឆ្លើយតបដោយនិយាយថា “ប្រាកដណាស់” ។

លោកបានកត់សម្គាល់ថា “កិច្ចព្រមព្រៀងរបស់យើងចូលជាធរមាន។ នៅក្រោមកិច្ចព្រមព្រៀងនេះ ភាគីត្រូវមានកាតព្វកិច្ចផ្តល់ជំនួយភ្លាមៗដល់គ្នាទៅវិញទៅមកប្រសិនបើចាំបាច់” ។

អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា “ការចូលរួមរបស់ទាហានកូរ៉េខាងជើង ក្នុងប្រតិបត្តិការរំដោះតំបន់ Kursk បានបង្ហាញពីប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងនេះ” ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះហត្ថលេខាលើ សន្ធិសញ្ញាភាពជា ដៃគូរួមរវាងទីក្រុងមូស្គូ និង ទីក្រុងព្យុងយ៉ាងក្នុងខែមិថុនា ឆ្នាំ ២០២៤។ មាត្រាមួយ នៃកិច្ចព្រមព្រៀង តម្រូវឱ្យប្រទេសមួយផ្តល់ ជំនួយយោធាភ្លាមៗ តាមគ្រប់មធ្យោបាយ ដែលមានដល់ ភាគីម្ខាងទៀត ប្រសិនបើទឹកដីរបស់ខ្លួន ត្រូវបានវាយប្រហារពីបរទេស។

នៅព្រឹកថ្ងៃចន្ទ គឺលោកពូទីនបានសម្តែងការដឹងគុណ ចំពោះកងទ័ព របស់ទីក្រុងព្យុងយ៉ាង សម្រាប់តួនាទីដែលពួកគេ ដើរតួក្នុងការវាយលុកការ លុកលុយរបស់អ៊ុយក្រែន ចូលទៅក្នុងតំបន់ Kursk ៕

ប្រែប្រួលៈ ណៃ តុលា

To Top