បរទេស៖ ប្រទេសប៉ាគីស្ថានបានចោទថា ប្រទេសឥណ្ឌាកំពុងរៀបចំផែនការវាយប្រហារយោធា លើទឹកដីរបស់ខ្លួន ដែលជាសញ្ញានៃការកើនឡើង ភាពតានតឹងបន្ថែមទៀតរវាងប្រទេសជិតខាងប្រដាប់អាវុធ នុយក្លេអ៊ែរទាំងពីរនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថាន លោក Attaullah Tarar បានសរសេរនៅលើ X នៅល្ងាចថ្ងៃអង្គារថា “ប៉ាគីស្ថានមានព័ត៌មានសម្ងាត់គួរឱ្យទុកចិត្តដែលឥណ្ឌាមានបំណងធ្វើការវាយប្រហារយោធាក្នុងរយៈពេល ២៤ម៉ោង ទៅ ៣៦ ម៉ោងបន្ទាប់ ដោយប្រើឧប្បត្តិហេតុ Pahalgam ជាលេស” ។
លោកបានបន្ថែមថា “ទង្វើនៃការឈ្លានពានណាមួយនឹងត្រូវបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់។ ឥណ្ឌានឹងទទួលខុសត្រូវទាំងស្រុងចំពោះផលវិបាកធ្ងន់ធ្ងរណាមួយនៅក្នុងតំបន់” ។
ការកើនឡើងភាពតានតឹងនេះ គឺកើតឡើងចំពេលមានការចោទប្រកាន់ពីទីក្រុង New Delhi ថាទីក្រុង Islamabad កំពុងគាំទ្រអំពើភេរវកម្មនៅក្នុងទឹកដីសហព័ន្ធ Jammu និង Kashmir របស់ប្រទេសឥណ្ឌា។ យ៉ាងណាក៏ដោយ ប៉ាគីស្ថានបានបដិសេធការអះអាងនេះ ហើយបានចោទឥណ្ឌាថា បានគាំទ្របណ្តាញភេរវករដែលប្រតិបត្តិការលើដីប៉ាគីស្ថាន។
សូមជម្រាបថា ប្រទេសទាំងពីរឥណ្ឌូ ប៉ាគីស្ថាន មានជម្លោះយូរអង្វែងលើតំបន់ Kashmir ដែលត្រូវបានបែងចែកដោយបន្ទាត់នៃការគ្រប់គ្រងដែលបានបង្កើតឡើងបន្ទាប់ពីសង្គ្រាមឥណ្ឌូប៉ាគីស្ថានឆ្នាំ 1971 ។
ប្រែសម្រួលៈ ណៃ តុលា
