បរទេស៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា សហភាពអឺរ៉ុបត្រូវតែត្រៀមខ្លួនដើម្បីទទួលខុសត្រូវលើវិស័យការពារជាតិរបស់ខ្លួន ខណៈដែលសហរដ្ឋអាមេរិកកំពុងដើរថយក្រោយបន្តិចម្តងៗពីការប្តេជ្ញាចិត្តផ្នែកសន្តិសុខរបស់ខ្លួនមកលើអឺរ៉ុប។ សុន្ទរកថារបស់លោកស្រី បានបង្ហាញសញ្ញាថា ប្លុកនេះគួរតែពង្រឹងសមត្ថភាពយោធារបស់ខ្លួន ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយប្រធានាធិបតីអាមេរិក Donald Trump ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកស្រី von der Leyen បាននិយាយនៅក្នុងសុន្ទរកថានៅឯសមាជបក្សប្រជាជនអឺរ៉ុបនៅទីក្រុង Valencia ប្រទេសអេស្ប៉ាញកាលពីថ្ងៃអង្គារថា “ការគំរាមកំហែងដែលបង្កឡើងដោយប្រទេសរុស្ស៊ី នឹងមិនរលាយបាត់នោះឡើយ ហើយយើងដឹងថា ការផ្តោតអារម្មណ៍របស់អាមេរិកនឹងផ្លាស់ប្តូរកាន់តែខ្លាំងឡើងទៅកាន់តំបន់ផ្សេងទៀត។
កាលពីខែមីនា លោកស្រី von der Leyen បានបង្ហាញផែនការរៃអង្គាសប្រាក់ចំនួន ៨០០ ពាន់លានអឺរ៉ូ (៩១០ ពាន់លានដុល្លារ) ដើម្បី “ពង្រឹង” សហភាពអឺរ៉ុប ខណៈដែលប្រទេសសមាជិកមួយចំនួនស្វែងរកវិធីកាត់បន្ថយការពឹងផ្អែកលើការរៀបចំសន្តិសុខដែលដឹកនាំដោយសហរដ្ឋអាមេរិក។
ចំណែកលោក Friedrich Merz ដែលជាអធិការបតីអាល្លឺម៉ង់ បាននិយាយកាលពីខែកុម្ភៈថា ទីក្រុងប៊ែរឡាំងត្រូវតែ “សម្រេចបានឯករាជ្យបន្តិចម្តងៗពីសហរដ្ឋអាមេរិក”។ ប្រធានាធិបតីបារាំងលោក Emmanuel Macron ដែលបានអះអាងជាយូរមកហើយថា EU មិនអាចប្រើប្រភពការពារជាតិរបស់ខ្លួនទៅឱ្យទីក្រុងវ៉ាស៊ីនតោនបានទៀតទេ បានសម្តែងការបើកចំហរក្នុងការពង្រីកឆ័ត្រនុយក្លេអ៊ែររបស់បារាំង ដើម្បីគ្របដណ្តប់ប្រទេសអាល្លឺម៉ង់ និងសមាជិកសហភាពអឺរ៉ុបផ្សេងទៀត៕
