ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង នឹងបំពាក់អាវុធនុយក្លេអ៊ែរ ដល់កងទ័ពជើងទឹករបស់ខ្លួន

RT News
" "

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) របស់កូរ៉េខាងជើង បានរាយការណ៍កាលពីថ្ងៃពុធថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវឱ្យពន្លឿនការបំពាក់អាវុធនុយក្លេអ៊ែរ ដល់កងទ័ពជើងទឹករបស់ប្រទេសកូរ៉េខាងជើង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក គីម បានធ្វើសេចក្តីថ្លែងការណ៍បែបនេះ ខណៈពេលចូលរួមការសាកល្បង ប្រព័ន្ធសព្វាវុធនៃនាវាពិឃាត Choe Hyon របស់កូរ៉េខាងជើង។ បន្ទាប់ពីបានឃើញការបង្ហាញរួចហើយ លោកត្រូវបានគេនិយាយថាបានកត់សម្គាល់ថា កម្លាំងបាញ់របស់នាវាចម្បាំង នៅតែពឹងផ្អែកលើសព្វាវុធធម្មតា ហើយ “មិនអាចហៅថាជាមធ្យោបាយការពារដែនសមុទ្រ ដែលគួរឱ្យទុកចិត្តបានឡើយ”។

" "

លោកគីមបានប្រកាសថា វាដល់ពេលហើយក្នុងការបង្កើតជម្រើស ដែលមានទំនួលខុសត្រូវសម្រាប់ការពន្លឿននុយក្លេអ៊ែរ របស់កងទ័ពជើងទឹក ដើម្បីការពាររដ្ឋ និងអធិបតេយ្យភាពដែនសមុទ្ររបស់ខ្លួន ពីការគំរាមកំហែងដែលមានស្រាប់ និងនាពេលអនាគត។

" "

ប្រទេសរុស្ស៊ីក៏បានសន្យាជួយការពារកូរ៉េខាងជើង ប្រសិនបើមានតម្រូវការបែបនេះកើតឡើង។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីដើមសប្តាហ៍នេះថា កិច្ចព្រមព្រៀងការពារជាតិរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង នៅតែជាធរមាន។ កិច្ចព្រមព្រៀងនេះមានកាតព្វកិច្ចភាគីទាំងពីរ ត្រូវផ្តល់ជំនួយយោធាភ្លាមៗ ដល់គ្នាទៅវិញទៅមកបើចាំបាច់។

សន្ធិសញ្ញាភាពជាដៃគូត្រូវបានចុះហត្ថលេខា ដោយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន និងលោក គីម ជុងអ៊ុន នៅខែមិថុនាឆ្នាំ ២០២៤ បន្ទាប់ពីនោះកងទ័ពកូរ៉េខាងជើងជាផ្លូវការ បានចូលរួមប្រតិបត្តិការយោធារបស់ទីក្រុងម៉ូស្គូ ក្នុងគោលបំណងវាយលុកការលុកលុយ របស់អ៊ុយក្រែនចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ី ៕

ប្រែសម្រួលៈ ណៃ តុលា

To Top