ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ “ភាពច្របូកច្របល់រយៈពេលមួយរយថ្ងៃ” របស់អាមេរិក បានបង្ហាញឱ្យឃើញថា អនុត្តរភាពនិយមមិនអាចទទួលបានការគាំទ្រពីសំណាក់ប្រជាជននោះឡើយ

“ការបំផ្លាញនិងភាពច្របូកច្របល់ដែលមិនធ្លាប់មានកាលពីមុន ” “ភាពបរាជ័យយ៉ាងខ្លាំង” “រយៈពេលមួយរយថ្ងៃដែលពោរពេញទៅដោយលក្ខណៈបំផ្លាញ” ។ល។ ថ្ងៃទី ២៩ ខែមេសា រដ្ឋាភិបាលអាមេរិកអាណត្តិនេះបានកាន់អំណាចគម្រប់មួយរយថ្ងៃហើយ ប៉ុន្តែនៅថ្ងៃនេះមិនបានទទួលផ្កាស្រស់និងសំឡេងទះដៃទេ ផ្ទុយទៅវិញនៅក្នុងស្រុក មានការរិះគន់និងថ្កោលទោសយ៉ាងខ្លាំង ។ តាមការស្ទង់មតិដែលប្រព័ន្ធសារព័ត៌មានអាមេរិករួមគ្នារៀបចំធ្វើនៅពេលថ្មីៗកន្លងទៅនេះបានឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៥៥ភាគរយបានកាន់អាកប្បកិរិយាបដិសោធចំពោះការកាន់អំណាចរបស់រដ្ឋាភិបាលអាណត្តិនេះ ដែលបានបំបែកកំណត់ត្រាអន់បំផុតក្នុងរយៈពេល៨០ឆ្នាំកន្លងទៅនេះ ។

ចាប់ពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកលនិងត្រឡប់ទៅសេតវិមានវិញ ដល់បច្ចុប្បន្ននេះ ធ្លាក់ក្នុងភាពជាប់គាំងទាំងកិច្ចការជាតិនិងអន្តរជាតិ គោលនយោបាយនិងវិធានការមួយចំនួនដែលរដ្ឋាភិបាលអាមេរិកអាណតិ្តនេះដាក់ចេញបន្ទាប់ពីឡើងកាន់អំណាច បាននាំមកនូវផលប៉ះពាល់ជាច្រើនដល់ប្រជាជនអាមេរិកនិងសេដ្ឋកិច្ចអាមេរិក ។

រដ្ឋាភិបាលអាមេរិកសម្គាល់ឃើញថា ការយកពន្ធគយខ្ពស់ទៅលើដៃគូពាណិជ្ជកម្ម វាអាចជួយឧស្សាហកម្មកម្មន្តសាលឱ្យត្រឡប់ទៅអាមេរិកវិញ ហើយនិងបន្ថែមឱកាសការងារ ប៉ុន្តែការវិនិច្ឆ័យខុសឆ្គងចំពោះបញ្ហាសេដ្ឋកិច្ចរបស់ខ្លួន និងការឆ្លើយតបដែលផ្ទុយនឹងក្រឹត្យក្រមសេដ្ឋកិច្ច បែរជាបណ្តាលឱ្យកើតមានការព្រួយបាម្ភក្នុងសង្គម និងការភ័យខ្លាចក្នុងទីផ្សារ ថែមទាំងធ្វើឱ្យខ្លួនធ្លាក់ក្នុងភាពជាប់គាំងកាន់តែធ្ងន់ធ្ងរ ។ បើនិយាយចំពោះអាមេរិក ការដំឡើងពន្ធគយចំពោះបរទេស ជា “ទង្វើធ្វើបាបខ្លួនឯង”ដ៏សុទ្ធសាធ ។

ទិន្នន័យកាន់តែច្រើនឡើងៗបានបញ្ជាក់ពីចំណុចនេះ ការស្ទង់មតិរបស់ប្រព័ន្ធសារព័ត៌មានអាមេរិក CNN នាពេលថ្មីៗកន្លងទៅនេះ បានបង្ហាញថា ជនជាតិអាមេរិកចំនួន៦០ភាគរយថ្លែងថា គោលនយោបាយរបស់រដ្ឋាភិបាលអាមេរិកបានបណ្តាលឱ្យថ្លៃដើមនៃជីវភាពរស់នៅឡើងថ្លៃ ។ ឥស្សរជនមួយចំនួន ដូចជាលោក Lawrence Summers អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកជាដើមបានព្រមានថា បើសិនជាមិនកែប្រែគោលនយោបាយពន្ធគយ នោះលទ្ធភាពថមថយចុះរបស់សេដ្ឋកិច្ចអាមេរិកនៅពេលអនាគតនឹងលើសពី៦០ភាគរយ ។

មិនត្រឹមតែប៉ុណ្ណោះទេ ក្នុងរយៈពេលមួយរយថ្ងៃកន្លងទៅនេះ សន្ទស្សន៍ភាគហ៊ុនសំខាន់ៗចំនួនបីរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះលើសពី៨ភាគរយ សន្ទស្សន៍ដុល្លារអាមេរិកបានធ្លាក់ចុះជាបន្តបន្ទាប់ ដោយឡែកប័ណ្ណបំណុលរបស់អាមេរិកក៏ត្រូវអ្នកវិនិយោគបរទេសសម្រុកលក់ រីឯវិស័យពាណិជ្ជកម្មសេវាកម្មក៏បានបាត់បង់ឱកាសការងារដោយសាររងការតបតវិញពីប្រទេសផ្សេងទៀត ។ល។

កាសែត « The New York Times »សម្គាល់ឃើញថា “ប្រយុទ្ធរហ័សរយៈពេលមួយរយថ្ងៃ”របស់រដ្ឋាភិបាលអាមេរិកប្រហែលនឹងនាំមកនូវ “ការថមថយចុះជាប្រវតិ្តសាស្ត្រ”ដល់អាមេរិក ។
ប្រឈមមុខនឹងអនុត្តរភាពនិយម ការបន្ធូរបន្ថយគោលជំហរគឺគ្មានច្រកចេញទេ ។ ក្នុងរយៈពេលមួយរយថ្ងៃកន្លងទៅនេះ ប្រទេសជាច្រើនលើពិភពលោកបានធ្វើពហិការយ៉ាងដាច់ខាតចំពោះអនុត្តរភាពពន្ធគយរបស់អាមេរិក ។ ប្រទេសចិនបានចាត់វិធានការតបតវិញមុនគេ ប្រការនេះមិនត្រឹមតែបានគាំពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏បានគាំពារសណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជាសមភាពនិងយុត្តិធម៌អន្តរជាតិផងដែរ ។

“ភាពច្របូកច្របល់រយៈពេលមួយរយថ្ងៃ”របស់អាមេរិកបានបំផុសគំនិតដល់មនុស្សទាំងឡាយថា “ច្បាប់ព្រៃ” មិនអាចទទួលបានការគាំទ្រពីសំណាក់ប្រជាជនទេ អនុត្តរភាពនិយមមិនអាចធ្វើតាមតែទំនើងចិត្ត ហើយចរន្តនៃការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចមិនអាចដើរបញ្ច្រាសបានឡើយ ការបើកទូលាយ ធ្វើកិច្ចសហប្រតិបតិ្តការ ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះទើបជាផ្លូវដ៏ត្រឹមត្រូវ ៕

To Top