ព័ត៌មានអន្តរជាតិ

អាមេរិក ផ្តល់ការយល់ព្រមដំបូង សម្រាប់ការលក់មីស៊ីលតម្លៃ ៣,៥ពាន់លានដុល្លារ ទៅឱ្យអារ៉ាប៊ីសាអូឌីត មុនពេលដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោក Trump

បរទេស៖ សហរដ្ឋអាមេរិកបានផ្តល់ការយល់ព្រមដំបូងដើម្បីលក់មីស៊ីលបាញ់ពីអាកាសទៅអាកាសតម្លៃ ៣,៥ ពាន់លានដុល្លារសម្រាប់យន្តហោះចម្បាំងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាកិច្ចព្រមព្រៀងអាវុធចុងក្រោយបំផុតដែលបានស្នើឡើងសម្រាប់តំបន់ មុនដំណើរទស្សនកិច្ចដែលគ្រោងទុករបស់លោកប្រធានាធិបតី Donald Trump ទៅកាន់តំបន់នេះនៅចុងខែឧសភា។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ការលក់ដែលត្រូវបានប្រកាសនៅព្រឹកថ្ងៃសៅរ៍ ទំនងជានឹងក្លាយជាផ្នែកមួយនៃការផ្សព្វផ្សាយជាច្រើនដោយ Trump ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ព្រះរាជាណាចក្រមួយនេះ។ អារ៉ាប៊ីសាអូឌីតបាននិយាយរួចហើយថា ខ្លួនចង់វិនិយោគ ៦០០ ពាន់លានដុល្លារនៅក្នុងសហរដ្ឋអាមេរិកក្នុងរយៈពេល ៤ ឆ្នាំខាងមុខដែលទំនងជាវិធីមួយដើម្បីទាក់ទាញ Trump ឱ្យជ្រើសរើសព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតម្តងទៀតសម្រាប់ដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងរបស់លោកជាប្រធានាធិបតី។ លោក Trump បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលីរយៈពេលខ្លីសម្រាប់ពិធីបុណ្យសពរបស់សម្តេច Pope Francis ។

ដំណើរកាលពីឆ្នាំ ២០១៧ របស់លោក Trump ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើឱ្យមានទំនៀមទម្លាប់របស់ប្រធានាធិបតីអាមេរិកសម័យថ្មី ព្រោះថា ជាធម្មតាធ្វើដំណើរទៅកាន់ប្រទេសកាណាដា ម៉ិកស៊ិក ឬចក្រភពអង់គ្លេសជាលើកដំបូងសម្រាប់ការធ្វើដំណើរទៅក្រៅប្រទេសជាលើកដំបូងរបស់ពួកគេ។ វាក៏បានគូសបញ្ជាក់ផងដែរនូវទំនាក់ទំនងជិតស្និទ្ធរបស់រដ្ឋបាលរបស់គាត់ជាមួយនឹងអ្នកគ្រប់គ្រងនៃរដ្ឋឈូងសមុទ្រដែលសម្បូរដោយប្រេង ខណៈដែលក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីឈ្មោះរបស់លោកបានបន្តកិច្ចព្រមព្រៀងនៅទូទាំងតំបន់។

ការលក់សព្វាវុធរួមមាន កាំជ្រួចមីស៊ីលរយៈចម្ងាយមធ្យមកម្រិតខ្ពស់ AIM-120C-8 ចំនួន ១.០០០ ដើម, ផ្នែកណែនាំ និងជំនួយបច្ចេកទេសផ្សេងទៀត។ កាំជ្រួច​នេះ​នឹង​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន RTX Corp នៃ Tucson, Ariz ៕

ប្រែប្រួលៈ ណៃ តុលា

To Top