ព័ត៌មានអន្តរជាតិ

ឥណ្ឌូណេស៊ី មាន​បំណង​ផ្តល់​ជម្រក​បណ្ដោះអាសន្ន​ដល់​ប្រជាជន​ប៉ាឡេស្ទីន

xinhua

ហ្សាកាតា៖ ប្រទេសឥណ្ឌូនេស៊ី មានបំណងផ្តល់ជម្រកបណ្តោះអាសន្ន ដល់ជនស៊ីវិលប៉ាឡេស្ទីន ដែលរងផលប៉ះពាល់ដោយជម្លោះ ដែលកំពុងបន្តនៅតំបន់ហ្គាហ្សា ជាពិសេសអ្នកដែលធ្វើការផ្នែកអប់រំ និងថែទាំសុខភាព។

យោងតាមលោក Ahmad Muzani ប្រធានសភាប្រឹក្សាប្រជាជន គំនិតផ្តួចផ្តើមនេះមានគោលបំណងជួយពួកគេឱ្យជាសះស្បើយពីរបួសទាក់ទងនឹងសង្រ្គាម និងបង្កើនជំនាញវិជ្ជាជីវៈរបស់ពួកគេ។  លោក​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​នេះ​បន្ទាប់​ពី​ជំនួប​កាលពី​ពេល​ថ្មី​ៗ​នេះ​ជាមួយ​ប្រធានាធិបតីលោក Prabowo Subianto នៅ​វិមាន​ប្រធានាធិបតី។

ក្នុង​នាម​ជា​ប្រទេស​ដែល​មាន​ជន​មូស្លីម​ធំ​ជាង​គេ​លើ​ពិភពលោក ឥណ្ឌូនេស៊ី បាន​គាំទ្រ​ឯករាជ្យភាព​ប៉ាឡេស្ទីន​ជា​ប្រចាំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Muzani បានលើកឡើងថា “ប្រធានាធិបតី ចង់ឱ្យអ្នកដែលមានរបួសដោយជម្លោះ រួមទាំងកុមារកំព្រា ស្ត្រី និងជនពិការ ទទួលបានការសង្គ្រោះភ្លាមៗនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ពួកគេនឹងត្រឡប់ទៅប្រទេសកំណើតវិញនៅពេលដែលប្រទេសរបស់ពួកគេរួចផុតពីជម្លោះ” ។

មុននេះ លោក Prabowo បានប្រកាសថា យ៉ាងហោចណាស់ ប្រជាជនប៉ាឡេស្ទីន ១០០០ នាក់នឹងត្រូវជម្លៀសទៅកាន់ប្រទេសឥណ្ឌូនេស៊ីក្នុងដំណាក់កាលដំបូង។  ផែនការនេះទទួលបានការគាំទ្រពីអង្គការអ៊ីស្លាមធំជាងគេពីររបស់ប្រទេសគឺ Nahdlatul Ulama (NU) និង Muhammadiyah៕

ប្រែសម្រួល ឈូក បូរ៉ា

To Top