ព័ត៌មានអន្តរជាតិ

ខ្មាន់កាំភ្លើង បាញ់សម្លាប់មនុស្ស ៤នាក់, របួស៣នាក់ នៅខេត្តភាគខាងត្បូងប្រទេសថៃ ខណៈយោធាកំពុងតាមប្រមាញ់ជនល្មើស

Photo: Abdullah Benjakat

បរទេស៖ ប្រមុខកងទ័ពនៅភាគខាងត្បូងប្រទេសថៃ បានថ្កោលទោសខ្មាន់កាំភ្លើងដែលទទួលខុសត្រូវចំពោះការសម្លាប់យ៉ាងព្រៃផ្សៃទៅលើមនុស្ស ៤ នាក់ រួមទាំងក្មេងស្រីអាយុ ៩ ឆ្នាំម្នាក់ និងស្ត្រីពិការភ្នែកអាយុ ៧៦ ឆ្នាំម្នាក់នៅក្នុងស្រុក Tak Bai និង Chanae នៃខេត្ត Narathiwat ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា មេបញ្ជាការតំបន់កងទ័ពទី៤ លោកឧត្តមសេនីយ៍ឯក Paisan Nusang បាននិយាយថ្ងៃសៅរ៍ថា លោកបានបញ្ជាឱ្យតាមប្រមាញ់យ៉ាងទូលំទូលាយ ដើម្បីចាប់ខ្លួនជនល្មើសនៃអំពើ “អមនុស្សធម៌” នេះ។

ឧត្តមសេនីយ៍ឯក Paisan បានធ្វើដំណើរទៅខេត្ត Narathiwat បន្ទាប់ពីឧប្បត្តិហេតុបាញ់សម្លាប់មនុស្សចំនួនពីរដែលបានកើតឡើងកាលពីថ្ងៃសុក្រនៅក្នុងស្រុកទាំងពីរ។

ការ​វាយ​ប្រហារ​ដែល​សំដៅ​លើ​ជន​ស៊ីវិល​កាន់​ពុទ្ធសាសនា​ថៃ បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ និង​របួស​៣​នាក់​។

នៅឯភូមិ Ai Bue Tae ក្នុងឃុំ Chang Phueak នៃស្រុក Chanae ឧត្តមសេនីយ៍ Paisan បានកោះប្រជុំមួយដែលប្រមូលផ្តុំមន្ត្រីសន្តិសុខ និងអ្នកស្រុក – ភាគច្រើនជាពុទ្ធសាសនិកថៃ – ដើម្បីធានាដល់សហគមន៍ឡើងវិញ និងសម្តែងការរំលែកទុក្ខ៕

ប្រែសម្រួលៈ ណៃ តុលា

To Top