ព័ត៌មានអន្តរជាតិ

សភាអ៊ុយក្រែន នឹងបោះឆ្នោតលើការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង ធនធានធម្មជាតិជាមួយអាមេរិកនៅសប្តាហ៍ក្រោយ

xinhua

កៀវ៖ សមាជិកសភាអ៊ុយក្រែន បានឲ្យដឹងថា សភាអ៊ុយក្រែននឹងបោះឆ្នោតលើការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងធនធានធម្មជាតិជាមួយសហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ។

នៅក្នុងការបង្ហោះនៅលើ Telegram សមាជិកសភាអ៊ុយក្រែនលោក Yaroslav Zheleznyak បានឲ្យដឹងថា ការបោះឆ្នោតលើកិច្ចព្រមព្រៀងនេះត្រូវបានគេគ្រោងធ្វើនៅថ្ងៃទី៨ ខែឧសភា។ ដោយឡែកសមាជិកសភាម្នាក់ទៀតគឺលោក Oleksii Honcharenko ក៏បានបញ្ជាក់ផងដែរថា កិច្ចប្រជុំសភាវិសាមញ្ញនឹងត្រូវធ្វើឡើងនៅថ្ងៃទី៨ ខែឧសភា ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងនេះ។

កិច្ចព្រមព្រៀង ស្តីពីធនធានធម្មជាតិ ដែលបង្កើតមូលនិធិវិនិយោគរួមគ្នា សម្រាប់ការកសាងឡើងវិញរបស់អ៊ុយក្រែន ត្រូវបានចុះហត្ថលេខានៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ ដោយឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីសេដ្ឋកិច្ចទីមួយរបស់អ៊ុយក្រែន លោក Yulia Svyrydenko និងរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Scott Bessent ។

លោក Svyrydenko បានឲ្យដឹងថា មូលនិធិនឹងត្រូវបានគ្រប់គ្រង និងសហហិរញ្ញប្បទានដោយប្រទេសទាំងពីរ ហើយអ៊ុយក្រែន នឹងរក្សាភាពជាម្ចាស់ និងការគ្រប់គ្រងពេញលេញលើធនធានរ៉ែ និងថាមពលរបស់ខ្លួន។

លោក Svyrydenko បានបន្ថែមថា ពីភាគីអ៊ុយក្រែន មូលនិធិនេះនឹងត្រូវបានផ្តល់ហិរញ្ញប្បទានដោយប្រាក់ចំណេញពីសួយសារអាករថ្មីលើធនធានរ៉ែ ឧស្ម័ន និងប្រេងរបស់ប្រទេសអ៊ុយក្រែន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top