ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក បដិសេធការលើកលែងពន្ធរបស់ជប៉ុន ពីពន្ធគយទៅវិញទៅមក

Kyodo

តូក្យូ៖ ប្រភពជិតស្និទ្ធនឹងបញ្ហានេះបានឲ្យដឹងថា សហរដ្ឋអាមេរិក បានបដិសេធការលើកលែង ទាំងស្រុងរបស់ប្រទេសជប៉ុនពីពន្ធគយ “ទៅវិញទៅមក” ១០ ភាគរយ ប៉ុន្តែជាពន្ធជាក់លាក់របស់ ប្រទេសនៅក្នុងការចរចានាពេលថ្មីៗនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ប្រភពបានឲ្យដឹងថា មន្ត្រីសហរដ្ឋអាមេរិក រួមទាំងរដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott Bessent បានប្រាប់អ្នកចរចាកំពូលរបស់ជប៉ុនលោក Ryosei Akazawa ក្នុងកិច្ចប្រជុំរបស់ពួកគេ នៅទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុនថា រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ មានបំណងដាក់ត្រឹមតែការកាត់បន្ថយពន្ធគយ ១៤ ភាគរយរបស់ប្រទេសជាក់លាក់ ដែលត្រូវបានផ្អាករហូតដល់ដើមខែកក្កដា នៅលើតុចរចា។

ភាគីអាមេរិកបានសង្កត់ធ្ងន់នៅក្នុងជុំទីពីរនៃការចរចារថា ខ្លួននឹងពិចារណាតែការបន្តការផ្អាករយៈពេល ៩០ ថ្ងៃ ឬបញ្ចុះពន្ធ ១៤ ភាគរយអាស្រ័យលើវឌ្ឍនភាពនៃកិច្ចចរចារបស់ពួកគេ។ ទីក្រុងតូក្យូបានកំពុងស្វែងរកការដកចេញទាំងស្រុងនូវពន្ធ “ទៅវិញទៅមក” ពន្ធបន្ថែម ២៥ ភាគរយសម្រាប់រថយន្ត និងកាតព្វកិច្ច ២៥ ភាគរយសម្រាប់ដែកថែប និងអាលុយមីញ៉ូម ដោយសង្កត់ធ្ងន់ទៅលើការរួមចំណែករបស់ខ្លួន ចំពោះសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោក តាមរយៈការវិនិយោគ និងការបង្កើតការងារ។

ទីក្រុងវ៉ាស៊ីនតោនបានឲ្យដឹងថា ខ្លួននឹងមិនចរចាលើពន្ធលើមូលដ្ឋាន ១០ ភាគរយជាសាកល ឬពន្ធលើរថយន្ត និងផលិតផលដែកថែបនោះទេ។ ជប៉ុនជាប្រទេសដំបូងគេមួយដែលសហរដ្ឋអាមេរិក បានចាប់ផ្តើមការចរចាលើការដំឡើងពន្ធនាំចូលរបស់ខ្លួន។ ចូលជាធរមានកាលពីថ្ងៃសៅរ៍ សហរដ្ឋអាមេរិកក៏បានដាក់ពន្ធបន្ថែម ២៥ ភាគរយលើគ្រឿងបន្លាស់រថយន្តសំខាន់ៗដូចជាម៉ាស៊ីន និងប្រអប់បញ្ជូន ដោយមានវិធានការបន្ធូរបន្ថយមួយចំនួន ផ្តល់ជូនសម្រាប់រយៈពេល ២ ឆ្នាំ។

ជាក់ស្តែងលោក ត្រាំ មើលឃើញកន្លែងកាន់តែច្រើន សម្រាប់ប្រទេសជប៉ុនក្នុងការបើកវិស័យរថយន្ត និងកសិដ្ឋានរបស់ខ្លួន។ នៅក្នុងកិច្ចពិភាក្សាជុំទីមួយ នៅពាក់កណ្តាលខែមេសា ភាគីអាមេរិកបានសម្តែងការមិនពេញចិត្ត ចំពោះចំនួនរថយន្តដែលផលិត ដោយសហរដ្ឋអាមេរិក ដែលបាននាំចូលក្នុងប្រទេសជប៉ុន ហើយបានជំរុញឱ្យប្រទេសនេះបើកទីផ្សាររបស់ខ្លួន ចំពោះដំណាំដាំដុះរបស់សហរដ្ឋអាមេរិកកាន់តែច្រើន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top