ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ានបូក៣ ព្រមានពីការគាំពារនិយម បន្ទាប់ពីការប្រកាសពន្ធគយរបស់អាមេរិក

Kyodo

បរទេស៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បូករួមទាំងប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូង បានព្រមានអំពីការធ្លាក់ចុះសេដ្ឋកិច្ចសកល នៃគោលនយោបាយគាំពារនិយម បន្ទាប់ពីការប្រកាសដំឡើងពន្ធនាំចូល ដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានអនុម័តនៅពេលពួកគេជួបគ្នា នៅខាងក្រៅកិច្ចប្រជុំប្រចាំឆ្នាំរបស់ ធនាគារអភិវឌ្ឍន៍អាស៊ីនៅទីក្រុង Milan ប្រទេសអ៊ីតាលីថា “ការកើនឡើងនូវការការពារនិយមពាណិជ្ជកម្មធ្វើឱ្យ មានការធ្លាក់ចុះលើពាណិជ្ជកម្មពិភពលោក ដែលនាំឱ្យមានការបែកបាក់សេដ្ឋកិច្ច ប៉ះពាល់ដល់ពាណិជ្ជកម្ម ការវិនិយោគ និងលំហូរមូលធននៅទូទាំងតំបន់”។

សេចក្តីថ្លែងការណ៍នៃប្រទេសអាស៊ានបូកបី ដែលមិនបានលើកឡើងពីសហរដ្ឋអាមេរិក តាមឈ្មោះក៏បានអះអាងឡើងវិញនូវការប្តេជ្ញាចិត្ត របស់ពួកគេចំពោះប្រព័ន្ធពាណិជ្ជកម្ម ពហុភាគីដែលផ្អែកលើច្បាប់ សេរី យុត្តិធម៌ និងតម្លាភាព។ បន្ថែមពីលើពន្ធលើវិស័យ រួមទាំងរថយន្ត លោក ត្រាំ បានប្រកាសពន្ធ “ទៅវិញទៅមក” នៅដើមខែមេសា ដែលត្រូវបានកំណត់ ដើម្បីដោះស្រាយផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចអាស៊ី ដែលពឹងផ្អែកលើការនាំចេញជាច្រើន។

សមាជិកអាស៊ាន កម្ពុជា និងវៀតណាម កំពុងប្រឈមមុខនឹងការយកពន្ធ ដ៏ច្រើនពីសហរដ្ឋអាមេរិកចំនួន ៤៩ ភាគរយ និង ៤៦ ភាគរយរៀងៗខ្លួន ទោះបីជាលោក ត្រាំ ក្រោយមកបានប្រកាសផ្អាករយៈពេល ៩០ ថ្ងៃសម្រាប់ប្រទេសភាគច្រើន លើកលែងតែប្រទេសចិន ក៏ដោយ។ លោក ត្រាំ បានដាក់ពន្ធ ២៤ ភាគរយលើការនាំចូលពីប្រទេសជប៉ុន រួមទាំងការយកពន្ធលើមូលដ្ឋានចំនួន ១០ ភាគរយដែលនៅតែមាននៅពេលការចរចាបន្ត។

ដោយកត់សម្គាល់ថាទស្សនវិស័យគឺ “ស្ថិតលើភាពមិនច្បាស់លាស់ ដែលកំពុងកើនឡើង” រដ្ឋមន្រ្តីហិរញ្ញវត្ថុបានអំពាវនាវឱ្យ “ពង្រឹងការរួបរួម និងកិច្ចសហប្រតិបត្តិការក្នុងតំបន់”។ នៅក្នុងនោះដែរ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Katsunobu Kato បានប្រាប់សន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំអាស៊ានបូកបីថា “យើងបានបញ្ជាក់សារជាថ្មីអំពី សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចបាននូវស្ថិរភាពសេដ្ឋកិច្ច” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top