យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានព្រមានថា ការវាយលុកថ្មីរបស់ប្រទេសអ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប នឹងកាន់តែខ្លាំង ដោយសំដៅលើផែនការដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីសន្តិសុខរបស់លោក ស្តីពីការបង្កើនយុទ្ធនាការដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សា។ គណៈរដ្ឋមន្ត្រីសន្តិសុខបានបោះឆ្នោត ចំពោះផែនការដែលអ៊ីស្រាអែល នឹងពង្រីកការវាយលុក ដើម្បីដណ្តើមយកតំបន់ហ្គាហ្សា គ្រប់គ្រងជំនួយ និងផ្លាស់ប្តូរទីតាំងប្រជាជនទៅភាគខាងត្បូងនៃតំបន់នេះ។
លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងក្នុងវីដេអូមួយដែលបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយបន្ថែមថា គោលដៅនៃប្រតិបត្តិការគឺដើម្បីកម្ចាត់ក្រុមហាម៉ាស់ ហើយក្នុងដំណើរការធានាឱ្យមានការដោះលែងចំណាប់ខ្មាំងនោះលោកបានលើកឡើងថា “យើងនឹងបើកការវាយប្រហារកាន់តែខ្លាំងនៅក្នុងតំបន់ហ្គាហ្សា”។
លោកបានកត់សម្គាល់ថា នៅក្រោមផែនការនេះ អ៊ីស្រាអែលនឹងផ្លាស់ប្តូរយុទ្ធសាស្ត្របច្ចុប្បន្នរបស់ខ្លួន ដោយផ្លាស់ប្តូរពីការដកទ័ព បន្ទាប់ពីបានបំផ្លាញសមត្ថភាពយោធារបស់ក្រុមហាម៉ាស់ ដោយរក្សាវត្ដមានកងទ័ពរបស់អ៊ីស្រាអែល ដើម្បីរក្សាការគ្រប់គ្រងលើទឹកដីនៃតំបន់ហ្គាហ្សា ដែលដណ្តើមបាន។
ទោះជាយ៉ាងណាក៏ដោយ ផែនការវាយលុកថ្មីនេះបានបង្កឱ្យមានភាពចម្រូងចម្រាសក្នុងចំណោមយោធាអ៊ីស្រាអែលថ្នាក់ជាន់ខ្ពស់មួយចំនួន។ ក្នុងនោះប្រធានសេនាធិការនៃកងកម្លាំងអ៊ីស្រាអែល លោក Eyal Zamir បានប្រាប់ក្រុមរដ្ឋមន្ត្រីក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខកាលពីព្រឹកថ្ងៃចន្ទថា យោងតាមការវាយតម្លៃរបស់កងទ័ព ប្រតិបត្តិការថ្មីនឹងធ្វើឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់ចំណាប់ខ្មាំង៕
ប្រែសម្រួល ឈូក បូរ៉ា
