ព័ត៌មានអន្តរជាតិ

ក្រសួងសុខាភិបាល ណែនាំឱ្យការពារខ្លួនពីការឆ្លងបាក់តេរីអង់ត្រាក់ ខណៈប្រទេសជិតខាងកំពុងផ្ទះឡើង

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ បានសេចក្តីប្រកាសព័ត៌មាន ស្តីពី ការការពារខ្លួនពីការឆ្លងបាក់តេរីអង់ត្រាក់ (Bacillus Anthracis) ហើយរហូតមកដល់បច្ចុប្បន្ននេះ មិនទាន់មានការរកឃើញជំងឺនេះ នៅកម្ពុជានៅឡើយ។

បើតាម ក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា នាពេល ថ្មីៗនេះមានការផ្ទុះឡើងនៅប្រទេសជិតខាង និងបណ្តាប្រទេសមួយចំនួន នូវជំងឺអង់ត្រាក់ឬហៅថាពិសធ្យូងនៅ លើមនុស្ស និងនៅលើសត្វហៅថា ជំងឺអង់ត្រាក់ ឬជំងឺឈាមខ្មៅ បង្កឡើងដោយបាក់តេរីដែលបង្កើតស្ទ័រ (spore-forming bacillus anthracis)។

ជំងឺអង់ត្រាក់ ឬពិសធ្យូង ជាជំងឺដ៏កម្រ ប៉ុន្តែធ្ងន់ធ្ងរ ដែលអាចកើតមានឡើងជា ចម្បងលើសត្វពាហនៈ និងសត្វព្រៃ។លក្ខណៈពិសេសនៃមេរោគអង់ត្រាក់ គឺអាចរស់នៅដោយស្រួល ក្រោមរូប ភាពជាគ្រាប់ស្ទ័រ ក្នុងបរិយាកាសខាងក្រៅ។ ស្ទ័ររបស់បាក់តេរីអង់ត្រាក់ ធន់នឹងធាតុអាកាសខាងក្រៅបាន អាចសម្ងំ ដល់រាប់ឆ្នាំ (៣០-៤០ ឆ្នាំ) នៅក្នុងដី សាកសពសត្វ និងលាមកសត្វ។

សត្វស៊ីស្មៅ មាន គោ ក្របី ចៀម ពពែ សេះ អាចឆ្លងមេរោគនេះ ចូលក្នុងខ្លួន បន្ទាប់មកគ្រាប់ស្ទ័រក្លាយជាមេរោគមានចលនា ហើយបញ្ចេញពិសរបស់វា ដែលមានគ្រោះថ្នាក់ដល់សុខភាព។ ជំងឺអង់ត្រាក់មានឱសថសម្រាប់ព្យាបាល និងវ៉ាក់សាំងសម្រាប់ចាក់បង្ការ។ រហូតមកដល់បច្ចុប្បន្ននេះ មិនទាន់មានការរកឃើញជំងឺនេះនៅព្រះរាជាណាចក្រកម្ពុជានៅឡើយ។

ក្រសួង សុខាភិបាល បន្តពង្រឹងវិធានការសុខាភិបាល តាមច្រកព្រំដែន និងពង្រឹងកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធ ក្នុងការទប់ស្កាត់ការនាំចូលជំងឺអង់ត្រាក់ និងជំងឺឆ្លងផ្សេងទៀតពីក្រៅប្រទេស៕

To Top