បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃអង្គារថា ទីក្រុងវ៉ាស៊ីនតោន នឹងបញ្ឈប់ការវាយប្រហារ តាមផ្លូវអាកាសភ្លាមៗ ទៅលើប្រទេសយេម៉ែន។
សេចក្តីថ្លែងការណ៍របស់លោក ដែលបានធ្វើការប្រកាស ពេលកំពុងមានវត្តមាន នៅសេតវិមានជាមួយនាយករដ្ឋមន្ត្រីកាណាដា Mark Carney។ការបញ្ជានេះក៏ត្រូវបាន គេមើលឃើញដែរថា កើតឡើងបន្ទាប់ពីប៉ុន្មានសប្តាហ៍ នៃការវាយប្រហារដែលដឹកនាំ ដោយសហរដ្ឋអាមេរិក លើប្រទេសយេមែន សំដៅទៅលើក្រុមសកម្មប្រយុទ្ធ Houthi ។
ប្រធានាធិបតីអាមេរិកបាននិយាយថា ក្រុម Houthi បានបញ្ជាក់ប្រាប់ទីក្រុងវ៉ាស៊ីនតោន រួចហើយថាខ្លួនមិនចង់ប្រយុទ្ធទៀតទេ។ លោក Trump បាននិយាយថា ៖យើងនឹងគោរពវា ហើយយើងនឹងបញ្ឈប់ការទម្លាក់គ្រាប់បែកទាំងនោះ។
យោងតាមលោក Trump គេដឹងថាគោលដៅសំខាន់ នៃយុទ្ធនាការទម្លាក់គ្រាប់បែកប្រឆាំងនឹងពួក Houthi ដែលសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានចូលរួមគឺដើម្បីបញ្ឈប់ក្រុម Houthiដែលតែងតែធ្វើការវាយប្រហារនិង បំផ្ទុះនាវាដឹកទំនិញសំខាន់ៗ តាមច្រកសមុទ្រ ។
គួរឲ្យដឹងដែរថាការប្រកាសរបស់លោក Trump បានកើតឡើងបន្ទាប់ ពីមានការវាយឆ្មក់ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើគោលដៅដែលគ្រប់គ្រងដោយពួក Houthi ក្នុងប្រទេសយេមែនផងដែរ រួមទាំងអាកាសយានដ្ឋានអន្តរជាតិនៅរដ្ឋធានី Sana’a របស់ប្រទេស ដែលបានបណ្តាល ឱ្យមនុស្សស្លាប់ម្នាក់ និងរបួស ៣៥នាក់នាពេលចុងក្រោយនេះ៕
ប្រែសម្រួល៖ស៊ុនលី
