បរទេស៖យោងតាមការចេញផ្សាយ របស់ RT ខេត្តAlbertaនៃប្រទេសកាណាដា អាចធ្វើប្រជាមតិសាធារណៈមួយ ស្តីពីការផ្តាច់ខ្លួនចេញពីប្រទេសកាណាដានៅឆ្នាំក្រោយ ប្រសិនបើញត្តិ ដែលដឹកនាំដោយពលរដ្ឋ ទទួលបានហត្ថលេខា។
ព័ត៌មាននេះធ្វើឡើង បើយោងតាមការបញ្ជាក់ ដោយថ្នាក់ដឹកនាំ របស់ខេត្តគឺលោក Danielle Smith បាននិយាយកាលពីថ្ងៃចន្ទ។
Alberta ដែលជាខេត្តភាគខាងលិច មួយនេះបានប៉ះទង្គិច ជាយូរមកហើយ ជាមួយរដ្ឋាភិបាលសហព័ន្ធជុំវិញ ច្បាប់កំណត់ការអភិវឌ្ឍន៍ ឥន្ធនៈហ្វូស៊ីល និងការលើកកម្ពស់ ថាមពលស្អាត។
កន្លងមកក្រុមមន្ត្រីនៃខេត្ត Alberta បាននិយាយថា ការកំណត់គោលដៅសេដ្ឋកិច្ច របស់ពួកគេដោយអយុត្តិធម៌។ ការប្រកាសរបស់លោក Smith កើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីគណបក្ស សេរីនិយមទទួលបាន អាណត្តិទី៤ ជាប់ៗគ្នា ក្នុងការបោះឆ្នោតសហព័ន្ធ ដោយធ្វើឱ្យការបែងចែកនយោបាយ កាន់តែស៊ីជម្រៅ រវាងទីក្រុង Ottawa និង Alberta ដែលជាខេត្តសម្បូរប្រេងមួយនេះ ។
គួរឲ្យដឹងដែរថាបន្ទាប់ពីការ បោះឆ្នោតថ្នាក់ជាតិរួចមក គម្រោងធ្វើឲ្យមាន វិបុលភាពរបស់ខេត្ត Alberta បានចាប់ផ្តើមធ្វើការដាក់ញត្តិទាមទារឱ្យមានប្រជាមតិលើឯករាជភាព របស់ខេត្តរបស់ខ្លួន។ ញត្តិនេះទទួលបានហត្ថលេខាជាង ៨០,០០០ ក្នុងរយៈពេល៣៦ម៉ោង នៃការចាប់ផ្តើមនៅថ្ងៃទី២ខែឧសភា ហើយនៅតែបើក ចំហសម្រាប់ការគាំទ្រ ជាសាធារណៈនៅឡើយ ៕
ប្រែសម្រួល៖ស៊ុនលី
