ព័ត៌មានអន្តរជាតិ

Updated៖ រដ្ឋមន្រ្តីការពារជាតិ ប៉ាគីស្ថាន បញ្ជាក់ថា បានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា ៥គ្រឿង ជាការឆ្លើយតបនឹង ការវាយប្រហារ ពេញមួយយប់

24Newshd

អ៊ីស្លាម៉ាបាដ៖ រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសប៉ាគីស្ថាន បានឲ្យដឹងថា ប្រទេសប៉ាគីស្ថាន បានបាញ់ទម្លាក់យន្ត ហោះចម្បាំង ឥណ្ឌាចំនួន ៥ គ្រឿង ក្នុងការសងសឹក ចំពោះការវាយប្រហារ តាមអាកាសពេញមួយយប់ ដែលធ្វើឡើងដោយប្រទេសឥណ្ឌា នៅទីតាំងជាច្រើន នៅក្នុងប្រទេសប៉ាគីស្ថាន។

រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថានលោក Khawaja Asif បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា “នៅម៉ោងនេះ ខ្ញុំអាចបញ្ជាក់បានថា យ៉ាងហោចណាស់ យន្តហោះចម្បាំងឥណ្ឌាចំនួន ៥គ្រឿងត្រូវបានទម្លាក់” នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

រដ្ឋមន្ត្រីការពារជាតិរូបនេះ បានឲ្យដឹងទៀតថា យោធាឥណ្ឌាបានដកតំណែង ជួរមុខជាច្រើន នៅតាមខ្សែបន្ទាត់ នៃការគ្រប់គ្រងក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា បន្ទាប់ពីការបាញ់តបតយ៉ាងធ្ងន់ធ្ងរ ពីភាគីប៉ាគីស្ថាន។ ប៉ាគីស្ថាន បានថ្កោលទោស ចំពោះទង្វើញុះញង់ និងជេរប្រមាថរបស់ឥណ្ឌាក្នុងសង្រ្គាម និងការរំលោភលើអធិបតេយ្យ ភាពប៉ាគីស្ថាន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យការិយាល័យការបរទេសប៉ាគីស្ថាន Shafqat Ali Khan បានឲ្យដឹងថា កងទ័ពអាកាសឥណ្ឌាបានរំលោភលើអធិបតេយ្យភាព របស់ប៉ាគីស្ថាន ដោយប្រើអាវុធទប់ទល់ ដោយបានកំណត់គោលដៅ​ ជនស៊ីវិលឆ្លងកាត់ព្រំដែន អន្តរជាតិក្នុងស្រុក Bahawalpur និងស្រុក Sheikhupura ក្នុងខេត្ត Punjab ភាគខាងកើត នៃប្រទេសប៉ាគីស្ថាន ក៏ដូចជាស្រុក Muzaffarabad, Bagh និងស្រុក Kotli ដែលគ្រប់គ្រងដោយប៉ាគីស្ថាន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top