នៅថ្ងៃទី ៧ ខែឧសភា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានទាក់ទិននឹងកិច្ចពិភាក្សាជាន់ខ្ពស់ស្តីពីសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងចិន និងសហរដ្ឋអាមេរិក។
អ្នកសារព័ត៌មានបានសួរថា នៅព្រឹកថ្ងៃទី ៧ ខែឧសភា ក្រសួងការបរទេសចិនបានប្រកាសព័ត៌មានថា លោក He Lifeng ឧបនាយករដ្ឋមន្ត្រីចិននឹងបំពេញទស្សនកិច្ចនៅប្រទេសស្វ៊ីសចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែឧសភា ហើយក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកនេះ លោកនឹងជួបពិភាក្សាការងារជាមួយភាគីអាមេរិក។ តើក្រសួងពាណិជ្ជកម្មចិនអាចអធិប្បាយពីបរិបទ និងការគិតពិចារណាពាក់ព័ន្ធរបស់ភាគីចិនអំពីកិច្ចពិភាក្សានេះទេ?
អ្នកនាំពាក្យរូបនេះបានឆ្លើយថា រដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិកបានចាត់វិធានការពន្ធគយមួយចំនួនដោយឯកតោភាគីដែលខុសច្បាប់និងមិនសមហេតុផលបន្ទាប់ពីលោកត្រាំចូលកាន់តំណែងជាប្រធានាធិបតីមក ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក រំខានយ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ និងបង្កជាបញ្ហាប្រឈមធ្ងន់ធ្ងរដល់ការស្តារឡើងវិញ និងកំណើនសេដ្ឋកិច្ចពិភពលោក។
ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ប្រទេសចិនបានចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់និងខ្លាំងក្លា។ ពេលថ្មីៗនេះ មន្ត្រីជាន់ខ្ពស់របស់អាមេរិកបានប្រកាសព័ត៌មានជាបន្តបន្ទាប់អំពីការកែសម្រួលវិធានការពន្ធគយ និងបានបញ្ជូនព័ត៌មានយ៉ាងសកម្មមកកាន់ប្រទេសចិនតាមរយៈមធ្យោបាយផ្សេងៗ ដោយសង្ឃឹមថានឹងធ្វើការពិភាក្សាជាមួយប្រទេសចិនលើបញ្ហាពន្ធគយជាដើម។ ប្រទេសចិនបានវាយតម្លៃដោយយកចិត្តទុកដាក់ចំពោះព័ត៌មានរបស់សហរដ្ឋអាមេរិក។
ដោយផ្អែកលើការគិតពិចារណាយ៉ាងពេញលេញចំពោះការរំពឹងទុកជាសកល ព្រមទាំងផលប្រយោជន៍របស់ប្រទេសចិន និងការអំពាវនាវរបស់មជ្ឈដ្ឋានឧស្សាហកម្ម និងអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិក ប្រទេសចិនបានសម្រេចចិត្តយល់ព្រមធ្វើការប្រាស្រ័យទាក់ទងជាមួយសហរដ្ឋអាមេរិក។ លោក He Lifeng ឧបនាយករដ្ឋមន្ត្រីចិន នឹងជួបពិភាក្សាការងារជាមួយលោក Bessent រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកនិងជាអ្នកដឹកនាំភាគីអាមេរិកសម្រាប់កិច្ចសន្ទនាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មអាមេរិក-ចិនក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសស្វ៊ីសក្នុងនាមជាអ្នកដឹកនាំភាគីចិនសម្រាប់កិច្ចសន្ទនាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិក ៕
