ព័ត៌មានអន្តរជាតិ

ហុងគ្រី អះអាងថា វិធានការរបស់អឺរ៉ុប ក្នុងការហាមជាត់ថាមពលរុស្ស៊ី គំរាមកំហែងដល់សន្តិសុខថាមពលរបស់ខ្លួន

Xinhua

BUDAPEST៖ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto  បានរិះគន់យ៉ាងខ្លាំងចំពោះផែនការរបស់គណៈកម្មការអឺរ៉ុប ដើម្បីបញ្ចប់ការនាំចូលថាមពលពីរុស្ស៊ី ដោយកត់សម្គាល់ថា វានឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខថាមពលរបស់ប្រទេសហុងគ្រី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Szijjarto បានឲ្យដឹងថា សំណើនេះនឹងដាក់បន្ទុកមិនសមរម្យលើប្រទេសហុងគ្រី។ លោកបានបន្ដថា ការមិនរាប់បញ្ចូលប្រភពថាមពលរបស់រុស្ស៊ី នឹងបង្កឱ្យមានការលំបាកធ្ងន់ធ្ងរ សម្រាប់សេដ្ឋកិច្ចអឺរ៉ុបមួយចំនួន ធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងរបស់អាជីវកម្មអឺរ៉ុប និងជំរុញឱ្យតម្លៃថាមពលកើនឡើង។

គណៈកម្មការអឺរ៉ុបកាលពីថ្ងៃអង្គារបានបង្ហាញផែនទីបង្ហាញផ្លូវថ្មីមួយដើម្បីបញ្ចប់ការពឹងផ្អែករបស់សហភាពអឺរ៉ុប  លើឧស្ម័នរបស់រុស្ស៊ីនៅឆ្នាំ ២០២៧។ ផែនទីបង្ហាញផ្លូវ REPowerEU កំណត់ផែនការជាដំណាក់កាល និងសម្របសម្រួល ដើម្បីបញ្ឈប់ការនាំចូលឧស្ម័នធម្មជាតិ ប្រេង និងសម្ភារនុយក្លេអ៊ែររបស់រុស្ស៊ីនៅទូទាំងប្លុក ដែលមានសមាជិក ២៧ប្រទេស នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការ។

នៅក្រោមសំណើនេះ សហភាពអឺរ៉ុប នឹងបញ្ឈប់ភ្លាមៗនូវការចុះហត្ថលេខាលើកិច្ចសន្យាថ្មីសម្រាប់ឧស្ម័នរុស្ស៊ី និងបញ្ចប់កិច្ចព្រមព្រៀងទីផ្សារដែលមានស្រាប់ទាំងអស់នៅចុងឆ្នាំ ២០២៥។ ការនាំចូលឧស្ម័នរុស្ស៊ីដែលនៅសល់ទាំងអស់នឹងឈប់នៅដំណាច់ឆ្នាំ ២០២៧ ។ លោក Szijjarto បានព្រមានថា វិធានការនេះនឹងរំលោភលើអធិបតេយ្យភាពជាតិ។ លោកបានសង្កត់ធ្ងន់ថា រដ្ឋជាសមាជិកសហភាពអឺរ៉ុបមានសិទ្ធិកំណត់ប្រភពថាមពល និងអ្នកផ្គត់ផ្គង់ផ្ទាល់របស់ពួកគេ ដោយចង្អុលបង្ហាញពីដែនកំណត់ជាក់ស្តែង ដែលដាក់ដោយហេដ្ឋារចនាសម្ព័ន្ធ បំពង់បង្ហូរប្រេងដែលមានស្រាប់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top