ព័ត៌មានអន្តរជាតិ

ផែនការពង្រីកការ វាយលុកលើតំបន់ហ្គាហ្សា ធ្វើឱ្យមានការសង្ស័យ លើគោលបំណង សង្គ្រាមរបស់អ៊ីស្រាអែល

xinhua

យេរ៉ូសាឡឹម ៖ គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែល បានអនុម័តផែនការពង្រីកការវាយលុ កយោធា របស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា រួមទាំងការវាយលុកកាន់តែខ្លាំង ការបន្តកាន់កាប់តំបន់នេះ និងការគ្រប់គ្រងពេញលេញ នៃការចែកចាយជំនួយ ដោយធ្វើឲ្យមានការសង្ស័យ កាន់តែខ្លាំងលើគោលបំណង សង្គ្រាមរបស់ប្រទេសនេះ ។

អ្នកនាំពាក្យកងកម្លាំង ការពារអ៊ីស្រាអែល (IDF) លោក Effie Defrin បានប្រាប់អ្នកយកព័ត៌មានថា ការវាយលុកដែលបាន ពង្រីកនឹងពាក់ព័ន្ធនឹងការវាយប្រហារ ទ្រង់ទ្រាយធំ និងការផ្លាស់ប្តូរប្រជាជនកាន់តែច្រើន ។ យោងតាមនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា ផែនការប្រតិបត្តិការនេះ មានគោលបំណង “កម្ចាត់ក្រុមហាម៉ាស់ ហើយនៅក្នុងដំណើរការធានា បាននូវការដោះលែងចំណាប់ខ្មាំង”។

មន្ត្រីសន្តិសុខអ៊ីស្រាអែល ជាន់ខ្ពស់ដែលឲ្យដឹងក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះបានឲ្យដឹងថា ប្រតិបត្តិការនេះ អាចចាប់ផ្តើមនៅពាក់កណ្តាលខែឧសភា ប្រសិនបើក្រុមហាម៉ាស់ មិនយល់ព្រមចំពោះកិច្ចព្រមព្រៀង ដោះលែងចំណាប់ខ្មាំង តាមលក្ខខណ្ឌរបស់អ៊ីស្រាអែល ខណៈពេលដែលអ៊ីស្រាអែល កំពុងរៀបចំចាត់វិធានការ អ្នកវិភាគជឿថា ផែនការនេះទំនងជាមិនអាចជួយអ៊ីស្រាអែល ឱ្យសម្រេចបាននូវគោលដៅសង្រ្គាមរបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សានោះទេ ។

យោធាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ប្រមុខយោធាលោក Eyal Zamir និងនាយក Shin Bet លោក Ronen Bar និងមន្រ្តីជាន់ខ្ពស់អ៊ីស្រាអែល ផ្សេងទៀត កំពុងធ្វើការវាយតម្លៃស្ថានភាព និងអនុម័តផែនការប្រតិបត្តិការ នៅទីស្នាក់ការកណ្តាលរបស់ Southern Command ដែលជាផ្នែកនៃការរៀបចំសម្រាប់ប្រតិបត្តិការ។

អតីតអនុរដ្ឋមន្ត្រីការពារជាតិរបស់អ៊ីស្រាអែលមួយរូប បានឲ្យដឹងថា ប្រតិបត្តិការនេះនឹងបង្កគ្រោះថ្នាក់ដល់ចំណាប់ខ្មាំង និងធ្វើឱ្យខូចដល់ការរំពឹងទុក សម្រាប់កិច្ចព្រមព្រៀងដែលបានចរចា។ លោកបានលើកឡើងថា “វាធ្វើឱ្យចំណាប់ខ្មាំងស្ថិតនៅក្រោមហានិភ័យខ្ពស់” លោកបានកត់សម្គាល់ថា ហេដ្ឋារចនាសម្ព័ន្ធយោធា ដែលរៀបចំដោយក្រុមហាម៉ាស់ ត្រូវបានរុះរើរួចទៅហើយ ហើយអ្វីដែលនៅសេសសល់ គឺអង្គភាពទ័ពព្រៃ ដែលត្រូវបានបង្កប់ក្នុងចំណោមជនស៊ីវិល។

លោកបន្ដថា ដើម្បីបំផ្លាញអ្វី ដែលនៅសេសសល់របស់ក្រុមហាម៉ាស់ នឹងត្រូវចំណាយពេលយូរ «យើងកំពុងចូលទៅក្នុងប្រភេទ សង្រ្គាមអូសបន្លាយយ៉ាងខ្លាំង ដែលនឹងធ្វើឲ្យជីវិតមនុស្សបាត់បង់ជីវិត ដោយមិនទទួលបានផលចំណេញជាយុទ្ធសាស្ត្រអ្វីឡើយ»៕
ប្រែសម្រួល ឈូក បូរ៉ា

To Top