បរទេស៖ ជំនួយការប្រធានាធិបតីរុស្ស៊ី គឺលោក Yury Ushakov បានប្រកាសថា មេដឹកនាំបរទេស និងបេសកជនមកពី ២៩ ប្រទេស នឹងចូលរួមក្បួនដង្ហែរទិវាជ័យជំនះរបស់រុស្ស៊ី នៅចុងសប្តាហ៍នេះនៅទីក្រុងម៉ូស្គូ។ ព្រឹត្តិការណ៍ថ្ងៃទី ៩ ឧសភា រំលឹកខួប ៨០ ឆ្នាំចាប់តាំងពីជ័យជំនះរបស់សហភាពសូវៀត លើពួកណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទីពីរ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Ushakov បានបន្ថែមថា ភ្ញៀវអន្តរជាតិក៏ត្រូវបានគេរំពឹងថា នឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។ ការប្រារព្ធពិធីដ៏សំខាន់នៅឆ្នាំនេះនឹងរួមបញ្ចូល ការដង្ហែក្បួនយោធាប្រពៃណីនៅលើទីលានក្រហម។
ប្រធានាធិបតីចិន Xi Jinping, ប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva, ប្រធានាធិបតី Serbia Aleksandar Vucic, ប្រធានាធិបតី Venezuela Nicolas Maduro, ប្រធានាធិបតីអេហ្ស៊ីប Abdel Fattah El Sisi និងនាយករដ្ឋមន្ត្រីស្លូវ៉ាគី Robert Fico នឹងមានវត្តមានក្នុងចំណោមមេដឹកនាំដែលមានវត្តមាន , នេះបើតាមលោក Ushakov បាននិយាយទៅកាន់អ្នកកាសែតកាលពីថ្ងៃអង្គារ។
នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នឹងមិនស្ថិតក្នុងចំណោមអ្នកទស្សនាទេ ដោយសារភាពតានតឹងកើនឡើងជាមួយប៉ាគីស្ថាន។ ទោះជាយ៉ាងណាក៏ដោយ ញូវដែលីនឹងនៅតែត្រូវបានតំណាង ដោយគណៈប្រតិភូជាន់ខ្ពស់។
ឧបនាយករដ្ឋមន្ត្រីស៊ែប៊ី លោក Sinisa Mali បាននិយាយកាលពីថ្ងៃចន្ទថា Vucic ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងការប្រារព្ធពិធីនេះ បើទោះបីជាមានការភ័យខ្លាចពី សុខភាពនាពេលថ្មីៗនេះក៏ដោយ ៕
ប្រែសម្រួលៈ ណៃ តុលា
