ឡុងដ៍៖ កិច្ចព្រមព្រៀងពន្ធគយ ដែលបានប្រកាសថ្មីរវាងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានបង្កឱ្យមានរលកនៃប្រតិកម្មចម្រុះពីមេដឹកនាំនយោបាយអង់គ្លេស ខណៈដែលនាយករដ្ឋមន្រ្តីលោក Keir Starmer បានសាទរចំពោះកិច្ចព្រមព្រៀងនេះថាជា “ប្រវត្តិសាស្ត្រ” ខណៈពេលដែលអ្នករិះគន់បានបរិហារវាថាជាភាគីម្ខាង និងធ្វើឱ្យខូចខាតដល់ឧស្សាហកម្មក្នុងស្រុក។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍លោក Starmer បានបង្ហាញថា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីកាត់បន្ថយពន្ធលើផលិតផលជាច្រើន រួមទាំងដែកថែប និងរថយន្ត។ នៅក្រោមកិច្ចព្រមព្រៀងនេះ ពន្ធលើការនាំចេញដែកថែប និងអាលុយមីញ៉ូមរបស់អង់គ្លេសទៅកាន់សហរដ្ឋអាមេរិកនឹងត្រូវលុបចោល។ សហរដ្ឋអាមេរិកនឹងកាត់បន្ថយពន្ធលើយានយន្តដែលផលិតដោយចក្រភពអង់គ្លេសរហូតដល់ ១០០,០០០ គ្រឿងក្នុងមួយឆ្នាំ ពី ២៧.៥ ភាគរយមកត្រឹម ១០ ភាគរយ។
ភាគីទាំងពីរក៏បានយល់ព្រមលើការចូលប្រើប្រាស់ទីផ្សារទៅវិញទៅមកលើសាច់គោផងដែរ ដោយកសិករចក្រភពអង់គ្លេសបានផ្តល់កូតាគ្មានពន្ធសម្រាប់ ១៣,០០០ តោន។ វានឹងមិនមានការចុះខ្សោយនៃស្តង់ដារម្ហូបអាហាររបស់ចក្រភពអង់គ្លេសលើការនាំចូលនោះទេ ហើយចក្រភពអង់គ្លេស នឹងដកពន្ធលើការនាំចូលអេតាណុលរបស់អាមេរិក ដោយការកាត់បន្ថយពន្ធនឹងចូលជាធរមាន “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។។
ដោយហៅវាថាជា “ថ្ងៃដ៏អស្ចារ្យ ជាប្រវត្តិសាស្ត្រ” លោក Starmer បានថ្លែងទៅកាន់អ្នកសារព័ត៌មាន ខណៈពេលដែលចូលរួមជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សម្រាប់ការធ្វើបទបង្ហាញតាមរយៈទូរស័ព្ទពីការិយាល័យ Oval ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានកត់សម្គាល់ថា ពន្ធ ១០ ភាគរយដែលបានប្រកាសដោយលោក ដូណាល់ ត្រាំ នៅដើមខែមេសា នៅតែអនុវត្តចំពោះទំនិញរបស់ចក្រភពអង់គ្លេសផ្សេងទៀត ដែលនាំចេញទៅកាន់សហរដ្ឋអាមេរិក។
លោក Kemi Badenoch មេដឹកនាំគណបក្សអភិរក្សរបស់ចក្រភពអង់គ្លេស បានរិះគន់កិច្ចព្រមព្រៀងនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “យើងបានកាត់បន្ថយពន្ធរបស់យើង ប៉ុន្ដែអាមេរិកបានកើនឡើងបីដង។ នៅក្នុងនោះដែរលោកបានហៅវាថា វាមិនមែនជាប្រវត្តិសាស្ត្រនោះទេ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
មេដឹកនាំគណបក្សប្រជាធិបតេយ្យសេរី លោក Ed Davey បានបន្ទរពីការព្រួយបារម្ភ ដោយព្រមានថា កិច្ចព្រមព្រៀងនេះបរាជ័យក្នុងការការពារឧស្សាហកម្មអង់គ្លេស។ លោកបានឲ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “សូម្បីតែបន្ទាប់ពីកិច្ចព្រមព្រៀងថ្ងៃនេះ ពន្ធដ៏គួរឱ្យភ័យខ្លាចរបស់លោក ត្រាំ នឹងនៅតែធ្វើឱ្យប៉ះពាល់ដល់ការងារ និងអាជីវកម្មរបស់ចក្រភពអង់គ្លេស៕
ប្រែសម្រួល ឈូក បូរ៉ា
