ព័ត៌មានអន្តរជាតិ

អាជីវកម្មវៀតណាម ព្យាយាមកាត់បន្ថយការពឹងផ្អែក លើទីផ្សារអាមេរិក

xinhua

បរទេស៖ យោងតាមក្រុមហ៊ុននាំចេញ បានឱ្យដឹងថា ពន្ធ ៤៦ភាគរយ ទៅវិញទៅមកពីសហរដ្ឋអាមេរិកគឺជាការដាស់តឿនមួយ ជំរុញឱ្យអាជីវកម្មរៀបចំរចនាសម្ព័ន្ធឡើងវិញ និងពង្រីកទីផ្សារដើម្បីកាត់បន្ថយការពឹងផ្អែក។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងដោយយោងតាមគយថា សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម ដែលស្មើនឹង 29.5% នៃការនាំចេញសរុបក្នុងឆ្នាំ 2024 ។ ទោះជាយ៉ាងណាក៏ដោយ នេះក៏ជាកន្លែងដែលមានហានិភ័យគោលនយោបាយជាច្រើន ជាពិសេសសម្រាប់វាយនភណ្ឌ ផលិតផលឈើ អាហារសមុទ្រ និងគ្រឿងអេឡិចត្រូនិក។ ឧស្សាហកម្មទាំងនេះក៏កំពុងត្រូវបានរឹតបន្តឹង ដោយសហរដ្ឋអាមេរិកទាក់ទងនឹងប្រភពដើម ដើម្បីការពារការក្លែងបន្លំពាណិជ្ជកម្ម។

ថ្មីៗ​នេះ អាមេរិក​បាន​ដាក់​អត្រា​ពន្ធ​ទៅវិញទៅមក​ចំនួន ៤៦% លើ​ទំនិញ​វៀតណាម។ បន្ថែមពីលើអត្រាពន្ធ គោលនយោបាយពាណិជ្ជកម្មរបស់ សហរដ្ឋអាមេរិកត្រូវបានផ្សារភ្ជាប់កាន់តែខ្លាំង ទៅនឹងលក្ខខណ្ឌបរិស្ថាន និងការងារ ដោយបង្កើតរបាំងបន្ថែមមិនមែនពន្ធ។

ប្រឈមមុខនឹងលទ្ធភាពដែលអាមេរិកដាក់ពន្ធខ្ពស់ ធុរកិច្ចវៀតណាមគ្មានជម្រើសអ្វីក្រៅតែ ពីជំរុញយុទ្ធសាស្ត្ររបស់ពួកគេនោះទេ។ ក្នុងបរិបទនោះ ក្នុងសិក្ខាសាលា “HUBA Business Cafe” កាលពីថ្ងៃទី ១០ ខែឧសភា លោក Pham Binh An – នាយករងវិទ្យាស្ថានសិក្សាអភិវឌ្ឍន៍ទីក្រុងហូជីមិញ មាននិយាយថា ដល់ពេលហើយសម្រាប់អាជីវកម្មរៀបចំ រចនាសម្ព័ន្ធប្រតិបត្តិការឡើងវិញ និងស្វែងរកមធ្យោបាយកាត់បន្ថយ ការពឹងផ្អែកលើទីផ្សារតែមួយ។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើពួកគេមិនផ្លាស់ប្តូរទាន់ពេលវេលានោះទេ អាជីវកម្មនឹងងាយរងគ្រោះនៅពេលដែល ដៃគូផ្លាស់ប្តូរគោលនយោបាយរបស់ពួកគេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top