បរទេស ៖ យោងតាមការ ចេញផ្សាយ របស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នក សារព័ត៌មាន កាលពីថ្ងៃចន្ទថាប្រទេសរុស្ស៊ី ប្តេជ្ញាស្វែងរកដំណោះ ស្រាយរយៈពេលវែង មួយចំពោះជម្លោះអ៊ុយក្រែន ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យខ្លួនគេប្រើប្រាស់ ភាសានៃការដាក់កំណត់ឱសានវាទ នោះទេ។
កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានស្នើឱ្យចាប់ផ្តើមការចរចា ដោយផ្ទាល់ជាមួយអ៊ុយក្រែន ឡើងវិញ ដោយគ្មានលក្ខខណ្ឌ ជាមុននិងដោយបានជ្រើស យកប្រទេសតួគីធ្វើជាម្ចាស់ ផ្ទះនៃកិច្ចប្រជុំលើកនេះផង។
យ៉ាងណាមិញ ក្រុងគៀវ បានទទូចឲ្យបង្កើត បទឈប់បាញ់រយៈពេល ៣០ថ្ងៃ ជាមុនសិនមុនពេលការចរចាត្រូវបានធ្វើឡើងហើយ អ្នកគាំទ្រអឺរ៉ុបរបស់អ៊ុយក្រែន បានគាំទ្រការទាមទារនេះខណៈដែល ក្រុងប៊ែរឡាំងកំពុងគំរាមដាក់ទណ្ឌកម្មបន្ថែមលើក្រុងមូស្គូ ប្រសិនបើខ្លួនមិនយល់ ព្រមបទឈប់បាញ់នៅចុងថ្ងៃទី ១២ ខែឧសភា។
លោកPeskov បានឆ្លើយតបទៅនឹងការគំរាមកំហែង របស់អាល្លឺម៉ង់ដោយសង្កត់ធ្ងន់ថា ភាសានៃឱសានវាទ គឺមិនអាចទទួលយក បាននោះទេសម្រាប់រុស្ស៊ី។
អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ៖អ្នកមិនអាចនិយាយជាមួយរុស្ស៊ីជាភាសាបែបនេះបានទេដោយកត់សម្គាល់ថា ឱសានវាទស្រដៀងគ្នានេះត្រូវធ្លាប់បានធ្វើឡើងម្តងហើយដោយទីក្រុងគៀវ ក្រោយការបង្កើតឡើងនូវអ្វីដែលគេហៅថា សម្ព័ន្ធនៃឆន្ទៈ ដែលរួមមានមេដឹកនាំនៃប្រទេសបារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស និងប៉ូឡូញ។
លោក Peskov បានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូប្តេជ្ញាស្វែងរកមធ្យោបាយ ដើម្បីសម្រេចបាន នូវដំណោះស្រាយ សន្តិភាពរយៈពេលវែង ដែលរួមមានការបន្តការចរចា ដោយផ្ទាល់ជាមួយក្រុងគៀវក្នុងទីក្រុងអ៊ីស្តង់ប៊ុល ដោយគ្មានលក្ខខណ្ឌជាមុន។
លោកបានបន្តទៀតថា វិធីសាស្រ្តនេះ គឺ មានគោលបំណង ស្វែងរកដំណោះស្រាយការទូត ពិតប្រាកដមួយ ចំពោះវិបត្តិអ៊ុយក្រែន ការដោះស្រាយឫសគល់នៃជម្លោះ និងការសម្រេចបាននូវសន្តិភាពយូរអង្វែង៕
ប្រែសម្រួល៖ស៊ុនលី
