ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ជូនដំណឹងទៅកាន់អាមេរិក អំពីការបញ្ចប់កិច្ចព្រមព្រៀងលើ ធនធានធម្មជាតិរបស់ខ្លួន

Xinhua

គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ប្រទេសអ៊ុយក្រែន បានប្រគល់ជូនដល់សហរដ្ឋអាមេរិកនូវកំណត់សម្គាល់ផ្លូវការមួយ ដែលបញ្ជាក់ពីការបញ្ចប់នីតិវិធីផ្ទៃក្នុងរបស់ខ្លួនសម្រាប់កិច្ចព្រមព្រៀងធនធានធម្មជាតិទ្វេភាគី ដែលនឹងបង្កើតមូលនិធិវិនិយោគរួម សម្រាប់ការកសាងឡើងវិញរបស់ប្រទេសអ៊ុយក្រែន។

ឧបនាយករដ្ឋមន្រ្ដីទី១ និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអ៊ុយក្រែនលោកស្រី Yulia Svyrydenko បានប្រគល់កំណត់ចំណាំនេះទៅឱ្យលោកស្រី Julie Davis ភារធារីនៅស្ថានទូតអាមេរិកប្រចាំនៅទីក្រុងគៀវ។

កិច្ចព្រមព្រៀងដើម្បីបង្កើតមូលនិធិ ដែលនឹងត្រូវបានផ្តល់ហិរញ្ញប្បទានដោយផ្នែកដោយកម្រៃសួយសារថ្មីលើធនធានរ៉ែ ឧស្ម័ន និងប្រេងរបស់អ៊ុយក្រែនត្រូវបានចុះហត្ថលេខានៅថ្ងៃទី៣០ ខែមេសានៅវ៉ាស៊ីនតោនឌីស៊ី ដោយលោកស្រី Svyrydenko និងរដ្ឋលេខាធិការរតនាគារសហរដ្ឋអាមេរិកលោក Scott Bessent ។

យោងតាមលោកស្រី Svyrydenko ប្រទេសទាំងពីរនឹងសហការគ្រប់គ្រង និងសហហិរញ្ញប្បទានមូលនិធិ ខណៈដែលអ៊ុយក្រែន នឹងរក្សាភាពជាម្ចាស់ និងការគ្រប់គ្រងពេញលេញលើធនធានរ៉ែ និងថាមពលរបស់ខ្លួន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top